សភាពាណិជ្ជកម្មថៃ ចេញមុខព្រមានលើគោលនយោបាយផ្តល់លុយ ១ម៉ឺនបាត របស់គណបក្សភឿថៃ

អន្តរជាតិ

សភាពាណិជ្ជកម្មថៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលថ្មី ដែលទំនងជាដឹកនាំដោយគណបក្សភឿថៃ ធ្វើការវាយតម្លៃឡើងវិញទៅលើសេដ្ឋកិច្ចឱ្យបានហ្មត់ចត់ មុននឹងបន្តអនុវត្តគោលនយោបាយថ្មីរបស់ពួកគេ ក្នុងការផ្តល់ជូនលុយឌីជីថល ដែលមានតម្លៃ ១ម៉ឺនបាត ទៅឱ្យប្រជាជន។ នេះបើយោងតាមការចុះផ្សាយពីកាសែត BangkokPost ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចេញសារព្រមានបែបនេះត្រូវបានធ្វើឡើង បន្ទាប់ពីអគ្គលេខាធិការរងគណបក្សភឿថៃ លោក​ Paopooom Rojanasakul បាននិយាយថា គណបក្សរបស់ខ្លួន មានបំណងដាក់ឱ្យដំណើរការឡើងវិញ នូវគោលនយោបាយថ្មីរបស់ខ្លួន ចាប់តាំងពីគណបក្សនេះ បានចូលមកដឹកនាំក្រុមចម្រុះ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្រោយចែកផ្លូវគ្នាជាមួយគណបក្សឆ្ពោះទៅមុខមក។

ប៉ុន្តែសភាពាណិជ្ជកម្មថៃ បាននិយាយថា គោលនយោបាយថ្មីនេះ តម្រូវឱ្យមានការចំណាយច្រើន ហើយគួរតែត្រូវបានវាយតម្លៃយ៉ាងប្រុងប្រយ័ត្នបំផុត ទៅលើលទ្ធភាពសេដ្ឋកិច្ចរបស់ប្រទេស។

លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ បាននិយាយថា គណបក្សភឿថៃ ជឿថាគោលនយោបាយថ្មីនេះ អាចនឹងដាក់ឱ្យដំណើរការទៅបាន ប៉ុន្តែមានការព្រួយបារម្ភពីភាគីផ្សេងៗ ទាក់ទងទៅនឹងប្រភពនៃមូលនិធិ និងផលប៉ះពាល់លើមុខតំណែងសារពើពន្ធរបស់ប្រទេស ដែលចាំបាច់ត្រូវតែដោះស្រាយឱ្យបានច្បាស់លាស់ ជាមុន។

ជម្រាបជូនផងដែរថា ចំពោះគោលនយោបាយថ្មីរបស់គណបក្សភឿថៃនេះ គឺពាក់ព័ន្ធជាមួយនឹងប្រគល់លុយឌីជីថលចំនួន ១ម៉ឺនបាត ដល់ជនជាតិថៃ គ្រប់រូប ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ ហើយលុយឌីជីថលនេះ គឺអាចចំណាយបានត្រឹមតែក្នុងរង្វង់បួនគីឡូម៉ែត្រ ពីផ្ទះរបស់អ្នកទទួលបានលុយនេះប៉ុណ្ណោះ និងមានសុពលភាពរយ:ពេល ៦ ខែ៕