មហាសេដ្ឋីមានបំផុតនៅអាហ្វ្រិកក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ គឺលោក Aliko Dangote លែងមានឈ្មោះនៅក្នុងបញ្ជីអ្នកមានដាច់គេ ១០០រូបទៀតហើយ បន្ទាប់ពីទទួលការខាតបង់ទឹកប្រាក់ប្រមាណ ៤៧,៥លានដុល្លារ កាលពីថ្ងៃពុធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Legit។
ជាមួយគ្នានោះ យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានដាច់គេនៅទ្វីបអាហ្វ្រិករូបនេះ មានប្រមាណ ១៦,៩ពាន់លានដុល្លារ និងជាប់លេខរៀងទី ១០១ ជាបុគ្គលមានទ្រព្យច្រើនបំផុតលើលោក។
សូមជម្រាបដែរថា គិតពីខែមករា ដល់ពាក់កណ្ដាលខែសីហានេះ ប្រធានក្រុមហ៊ុន Dangote Cement ទទួលរងការខាតបង់សរុបប្រមាណ ១,៨៣ពាន់លានដុល្លាររួចហើយ។
ក្រៅពីអ្នកមានដាច់គេនៅអាហ្វ្រិកខាងលើ មហាសេដ្ឋី Johann Rupert ដែលជាប់ងារជាមហាសេដ្ឋីមានបំផុតប្រចាំទ្វីបអាហ្វ្រិក បន្ទាប់ពីលោក Dangote ក៏ទទួលបានការខាតបង់ធ្ងន់ធ្ងរផងដែរ រហូតដល់ ២៣០លានដុល្លារ កាលពីថ្ងៃពុធកន្លងទៅ៕