កាលពីថ្ងៃទី ១៦ ខែសីហាកន្លងទៅ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានដាក់សំណើសុំកញ្ចប់ទឹកប្រាក់សម្រាប់ឆ្នាំ ២០២៤ ដែលមានទំហំប្រមាណ ៣ ៣០៤,១ទ្រីលានរូពី ឬប្រមាណ ២១៦,២៤ពាន់លានដុល្លារ ទៅកាន់រដ្ឋសភា។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កញ្ចប់ទឹកប្រាក់ដែលបានស្នើសុំ គឺមានច្រើនជាងឆ្នាំនេះប្រមាណ ៦% ខណៈលោក ចូកូ អះអាងថា ទឹកប្រាក់ជាង ២១០ពាន់លានដុល្លារនេះ នឹងធានាដល់សេដ្ឋកិច្ចឥណ្ឌូណេស៊ី និងតម្លៃម្ហូបអាហារមានស្ថិរភាព។
ជាមួយគ្នានោះ ប្រធានាធិបតីឥណ្ឌូណេស៊ីមិនបានបញ្ជាក់លំអិតពីគោលនយោបាយនាឆ្នាំក្រោយឡើយ ដោយលោកគ្រាន់តែសង្កត់ធ្ងន់ថា សារៈសំខាន់នៃសន្តិសុខស្បៀងអាហារ និងថាមពល ក៏ដូចជាសង្វាក់ផ្គត់ផ្គង់សកល កំពុងជួបការរំខាន។
សូមជម្រាបដែរថា កន្លងមកលោក ចូកូ ក៏បានដាក់សំណើចាយលុយប្រហែល ១០៩លានរូពី សម្រាប់ការពារសន្តិសុខស្បៀងអាហារ រក្សាតម្លៃអាហារឲ្យមានស្ថិរភាព បង្កើនទិន្នផល និងអភិវឌ្ឍន៍បន្ថែម ទៅលើកម្មវិធីស្បៀងអាហាររបស់រដ្ឋាភិបាល៕