បន្ទាប់ពីមានការអូសបន្លាយពេលជាយូរ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃថ្មី ត្រូវបានកំណត់ធ្វើឡើងនាថ្ងៃទី ២២ ខែសីហាខាងមុខ។ នេះបើតាមការឲ្យដឹងពីប្រធានសភា លោក Wan Muhamad Noor Matha។

គួររំលឹកដែរថា ការបោះឆ្នោតនាពេលខាងមុខ គឺជាការបោះឆ្នោតលើកទី ៣ ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថៃថ្មី ខណៈ ២ លើកកន្លងទៅ ដែលធ្វើឡើងនាថ្ងៃទី ១៣ និង ១៩ ខែកក្កដា ដែលមានបេក្ខភាពតែមួយរូបគត់គឺ លោក ភីថា លីមចារើនរ៉ាត់ មិនទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ ពីសមាជិកសភា និងព្រឹទ្ធសភា។

ក្រោយបរាជ័យ ២សារផ្ទួនៗ គណបក្សឆ្ពោះទៅមុខ ក៏ប្រកាសចែកផ្លូវដើរជាមួយគណបក្សភឿថៃ ដែលបច្ចុប្បន្នកំពុងដឹកនាំបក្សចម្រុះ ក្រោមការចូលរួមពី ១១ គណបក្ស ដោយមានលោក Srettha Thavisin ជាបេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្ត្រី។
ជាមួយគ្នានោះ ប្រភពជិតស្និទ្ធមួយបានទម្លាយប្រាប់សារព័ត៌មាន Bangkokpost ថា មុនពេលបោះឆ្នោត អាចនឹងមានរឿងនឹកស្មានមិនដល់ ដោយមេបក្ស Palang Prcharath លោកឧត្ដមសេនីយ៍ Prawit Wongsuwon អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីថែមទៀត៕