យោងតាមការចុះផ្សាយពីសារព័ត៌មាន Xinhua បានបង្ហាញថា នាយករដ្ឋមន្ត្រីស្រីលង្កា Dinesh Gunawardena អនុប្រធានាធិបតីឡាវ Pany Yathotou អនុប្រធានាធិបតីនេប៉ាល់ Ram Sahay Prasad Yadav និងឧបនាយករដ្ឋមន្ត្រីវៀតណាម Tran Luu Quang បានធ្វើដំណើរមកកាន់ប្រទេសចិន ក្នុងគោលបំណងចូលរួមកម្មវិធីពិព័រណ៍ចិន-អាស៊ីខាងត្បូង លើកទី០៧ ដែលធ្វើឡើងនៅទីក្រុង Kunming ខេត្តYunnan។

ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់ទាំង ៤រូបនេះ ក៏បានជួបពិភាក្សាការងារជាមួយនឹងប្រមុខការទូតចិន លោក Wang Yi រៀងៗខ្លួនផងដែរ។

អំឡុងពេលជួបពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រី Gunawardena និងរដ្ឋមន្ត្រីការបរទេសចិន នាយករដ្ឋមន្ត្រីស្រីលង្កានិយាយថា ស្រីលង្កានឹងធ្វើការជាមួយចិន ដើម្បីអនុវត្តជាស៊េរីនៃគំនិតផ្តួចផ្តើមជាសកលសំខាន់ៗ ដែលស្នើឡើងដោយប្រទេសចិន ហើយទន្ទឹងរង់ចាំការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យផ្សេងៗដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

មួយវិញទៀត ឡាវក៏បានសន្យាថា នឹងព្យាយាមលើកកំពស់កិច្ចសហប្រតិបត្តិរវាងប្រទេសទាំង២ បង្កើន និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវការជឿទុកចិត្តគ្នាខាងនយោបាយ ក៏ដូចជាពង្រឹងកំណើនពាណិជកម្មរវាងឡាវ និងចិន។ នេះបើតាមសម្ដដីរបស់លោកស្រី Pany បានលើកឡើង។

ចំពោះនេប៉ាល់វិញ បានចាត់ទុកចិនជាអាទិភាពសម្រាប់គោលនយោបាយបរទេស ហើយក៏សន្យានឹងបន្តគាំទ្រដល់គោលនយោបាយ “ចិនតែមួយ” ដូចដើម ខណៈពេលជួបជាមួយភាគីវៀតណាម លោក Wang និយាយថា វៀតណាម និងចិនគួរតែការរៀបចំសម្រាប់ការផ្លាស់ប្តូរកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅ ទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្រ្ត និងរួមគ្នាការពារសន្តិសុខនយោបាយ និងស្ថាប័ននានា។