តម្លៃផ្ទះនៅកូរ៉េខាងត្បូងស្ទុះងើបឡើងសារជាថ្មី ក្រោយធ្លាក់ចុះអស់ ១៣ ខែ

អន្តរជាតិ

តម្លៃផ្ទះនៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមស្ទុះងើបឡើងវិញបន្តិច នៅក្នុងខែកក្កដា បន្ទាប់ពីធ្លាក់ចុះអស់រយ:ពេល ១៣ ខែ ខណ:កំណើននេះត្រូវបានជំរុញដោយតម្រូវការសម្រាប់អគារលំនៅដ្ឋាន នៅតំបន់ពេញនិយមក្នុងរដ្ឋធានី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សន្ទស្សន៍តម្លៃប្រតិបត្តិការផ្ទះទូទាំងប្រទេស របស់ក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េ បានកើនឡើង ០,០៣% នៅក្នុងខែកក្កដា បន្ទាប់ពីបានធ្លាក់ចុះ ០,០៥% កាលពីក្នុងខែមិថុនា ហើយបានប្រកាសពីការកើនឡើងប្រចាំខែជាលើកដំបូង ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ មក។

ក្រុមប្រឹក្សាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តម្លៃផ្ទះបានកើនឡើងក្នុងល្បឿន ដ៏លឿននៅក្នុងទីក្រុងសេអ៊ូល ចំពេលកំពុងមានការរំពឹងទុកចំពោះការស្ទុះងើបឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យ ខណ:ពេលដែលតម្លៃផ្ទះបានបន្តកើនឡើង នៅក្នុងតំបន់កាន់តែច្រើន។

លោក Kang Min-seok ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យរបស់ក្រុមហ៊ុន KB Financial Group បាននិយាយថា ៖” ទីផ្សារមិនទំនងធ្លាក់ចុះខ្លាំងម្តងទៀតនោះទេ ខណ:មានតម្រូវការផ្ទះនៅ ក្នុងតម្លៃទាប ប៉ុន្តែជាមួយគ្នានេះ វាពិបាកនិយាយណាស់ថាអាចជាសញ្ញា សម្រាប់ការស្ទុះងើបឡើងវិញនៃទីផ្សារ ” ។​

ជម្រាបជូនថា កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានធ្វើការបន្ធូរបន្ថយបទប្បញ្ញត្តិហិរញ្ញវត្ថុលើអ្នកទិញផ្ទះ និងដាក់ចេញគោលនយោបាយផ្តល់ប្រាក់កម្ចីទិញផ្ទះបណ្តោះអាសន្ន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ទីផ្សារ ដែលកំពុងធ្លាក់ចុះ៕