វាអាចនឹងជារឿងដែលមិនគួរឲ្យជឿ ប៉ុន្តែមហាសេដ្ឋី Jack Ma មិនដែលអានសៀវភៅបង្រៀនឲ្យជោគជ័យ ឬក៏សៀវភៅធុរកិច្ចឡើយ មុនពេលប្រឡូកចូលក្នុងវិស័យជំនួញ ហើយផ្ទុយទៅវិញ អតីតអ្នកមានដាច់គេនៅចិនម្នាក់នេះ បែរជាចូលចិត្តអានប្រលោមលោកគុននិយមទៅវិញ។
យោងតាមការចុះផ្សាយពីគេហទំព័រ Techinasia បានបង្ហាញថា មានម្ដងពេលបង្កើត APP Taobao ក្នុងគោលបំណងប្រកួតប្រជែងជាមួយ eBay ក្នុងការទិញទំនិញក្នុងស្រុក មិត្តម្នាក់របស់ Jack Ma ណែនាំឲ្យលោកអានសៀវភៅមួយក្បាលឈ្មោះ “Perfect Marketing” ដែលនិយាយអំពីរបៀបនៃការយកឈ្នះ Yahoo របស់ eBay តែពេលនោះ Jack Ma មិនត្រឹមតែបដិសេធទេ ថែមទាំងនិយាយលេងសើចទៅវិញថា “ថ្ងៃណាមួយ ខ្ញុំចង់ឲ្យគ្រប់គ្នាអានសៀវភៅមួយក្បាលឈ្មោះថា “How Taobao beat Ebay” វិញម្ដង”។
ការនិយាយលេងសើចរបស់ Jack Ma បានក្លាយជាការពិត ក្រោយ Taobao ទទួលបានជោគជ័យទាំងក្នុងស្រុក និងអន្តរជាតិ ដោយបានផ្ដួល eBay ចេញពីទីផ្សារស្រុកចិនប្រាកដមែន ហើយទស្សនៈមួយនេះរបស់ Jack Ma បានបណ្ដុះគំនិតយុវជនជាច្រើនឲ្យអាននូវអ្វីដែលពួកគេចាប់អារម្មណ៍ ជាជាងអានតាមអ្នកដទៃ។
សូមជម្រាបដែរថា Jack Ma បានចាប់ផ្ដើមបង្កើតក្រុមហ៊ុន Alibaba នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ១៩៩៩ ជាមួយនឹងមិត្តភក្ដិជិតស្និទ្ធមួយក្រុម ហើយសព្វថ្ងៃ Alibaba គឺជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុតមួយទូទាំងពិភពលោក និងធំបំផុតទី៣ នៅចិន ជាមួយមូលធនទីផ្សារ ២២៨,៤ពាន់លានដុល្លារ៕