អាជ្ញាធរអគ្គិសនីថៃ (EGAT) បានលើកឡើងពីការព្រួយបារម្ភថា ការផ្គត់ផ្គង់អគ្គិសនីពីឡាវ មកកាន់ប្រទេសថៃ អាចនឹងមិនគ្រប់គ្រាន់នៅឆ្នាំនេះ ដោយសារតែស្ថានភាពគ្រោះរាំងស្ងួត ធ្វើឱ្យកម្រិតទឹកក្នុងទន្លេមេគង្គធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីកាសែត Laotian Times។
អភិបាល EGAT លោក Boonyanit Wongrukmit បាននិយាយថា ប្រសិនបើគ្រោងរាំងស្ងួត នៅក្នុងប្រទេសឡាវកាន់តែធ្ងន់ធ្ងរ នោះរោងចក្រវារីអគ្គិសនី នៅក្នុងប្រទេសនេះ អាចនឹងផលិតថាមពលអគ្គិសនី បានតិចជាងមុន ហើយនឹងកាត់បន្ថយសមត្ថភាពក្នុងការនាំចេញរបស់ពួកគេ។
បន្ទាប់ពីកិច្ចព្រមព្រៀងមួយ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០២២ មក ប្រទេសថៃ បានបង្កើនការទិញចូលអគ្គិសនី ពីឡាវ ពី ៩ ០០០ MW ទៅ ១០ ៥០០ MW ដែលនេះបានអនុញ្ញាតឱ្យទីក្រុងបាងកក បង្កើនការផ្គត់ផ្គង់ថាមពលរបស់ខ្លួន ពីប្រភពកកើតឡើងវិញ។
ដោយឡែក លោក Chanthaboun Soukaloun នាយកគ្រប់គ្រងក្រុមហ៊ុន Electricite Du Laos បានមានប្រសាសន៍ថា ស្ថានភាពគ្រោះរាំងស្ងួតនេះ ក៏បានប៉ះពាល់យ៉ាងខ្លាំងដល់ការប្រើប្រាស់ថាមពល នៅក្នុងប្រទេសឡាវផងដែរ ពោលគឺការផលិតថាមពល ក្នុងស្រុកមានកម្រិតទាបជាងការគ្រោងទុក ស្របពេលតម្រូវការប្រើប្រាស់អគ្គិសនី កើនឡើង៕