លោកស្រី Paetongtarrn Shinawatra បានធ្វើការប្រកាសសារជាថ្មី នៅលើបណ្តាញសង្គមនៅថ្ងៃសៅរ៍នេះថា អតីតនាយករដ្ឋមន្ត្រីថៃ និងជាឪពុករបស់ខ្លួន គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រឡប់មកកាន់ប្រទេសកំណើតវិញ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
តាមរយ:ការចុះផ្សាយពីកាសែត Bangkok Post បានបង្ហាញទៀតថា លោកស្រី Paetongtarn ដែលជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីផ្សេងទៀតរបស់គណបក្សភឿថៃ បានសរសេរ នៅលើគណនី Instagram និង X (Twitter) របស់លោកស្រីថា ៖ ” នៅថ្ងៃអង្គារ ទី ២២ ខែសីហា វេលាម៉ោង ៩ ព្រឹក ខ្ញុំនឹងរង់ចាំនៅប្រលានយន្តហោះ Don Muang ដើម្បីស្វាគមន៍ឪពុកខ្ញុំ លោក ថាក់ស៊ីន ” ។
លោកស្រី Paetongtarn ក៏បានបញ្ជាក់ទៀតផងដែរថា គម្រោងក្នុងការវិលត្រលប់មកកាន់ប្រទេសកំណើតវិញរបស់ឪពុកលោកស្រី មិនត្រូវបានលុបចោលនោះឡើយ ដោយគ្រាន់តែបានពន្យាពេលប៉ុណ្ណោះ ហើយចំពោះអ្វីដែលលោកស្រីធ្លាប់បានលើកឡើងកាលពីមុន គឺមិនមែនលោកស្រី ចេះតែនិយាយដោយគ្មានហេតុផលនោះឡើយ ដោយសារតែគ្រូពេទ្យចង់ឱ្យឪពុកលោកស្រី ពិនិត្យសុខភាពសិន មុនពេលវិលត្រលប់ចូលស្រុកវិញ។
ជម្រាបជូនផងដែរថា នៅចំថ្ងៃខួបកំណើតគម្រប់ ៧៤ ឆ្នាំរបស់លោក ថាក់ស៊ីន កាលពីថ្ងៃទី ២៦ ខែកក្កដា លោកស្រី Paetongtarn បានប្រកាសថា ឪពុករបស់លោកស្រី នឹងមកដល់អាកាសយានដ្ឋាន Don Muang នៅថ្ងៃទី ១០ ខែសីហា ប៉ុន្តែអ្នកសង្កេតការណ៍នយោបាយ ដែលរួមមានលោក Chuvit Kamolvisit និង Jatuporn Prompan ទទូចថាផែនការនៃការវិលត្រលប់មកស្រុកវិញរបស់លោក ថាក់ស៊ីន នេះ គឺគ្មានអ្វីក្រៅតែពីការសន្យាខ្យល់នោះឡើយ ខណ:ការលើកឡើងនេះ បានធ្វើឱ្យមានប្រតិកម្មពីសំណាក់លោកស្រី Paetongtarn និងថែមទាំងបានវាយបកទៅវិញថា ការអធិប្បាយរបស់លោក Chuvit គឺមិនសមហេតុផល ៕