ក្រុមហ៊ុនផលិតទូរស័ព្ទឆ្លាតវៃ Honor គ្រោងនឹងបើកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាឡើងវិញ ក្រោយបញ្ឈប់ការផលិត និងលក់ទូរស័ព្ទនៅក្នុងប្រទេសមួយនេះ កាលពីឆ្នាំទៅ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា មូលហេតុដែល Honor ផ្អាកអាជីវកម្មរបស់ខ្លួនកាលពីឆ្នាំទៅ ដោយសារថវិកាទីផ្សារមានកម្រិត និងការគ្រប់គ្រងផលប័ត្រដែលមិនសូវប្រុងប្រយ័ត្ន។
ប្រភពដដែលបន្ថែមទៀតថា ក្រុមហ៊ុន Honor នឹងចាប់ផ្ដើមអាជីវកម្មនៅឥណ្ឌាឡើងវិញ តាមរយៈការចុះកុងត្រាជាមួយក្រុមហ៊ុនក្នុងស្រុក និងមានបំណងបង្កើនការផលិតនៅក្នុងស្រុកតែម្ដង ដោយចាប់ផ្ដើមពីដើមឆ្នាំក្រោយទៅ។
សូមជម្រាបដែរថា ក្រុមហ៊ុនដែល Honor នឹងចុះកុងត្រាជាមួយ គឺមានឈ្មោះថា Honor Tech ដែលគ្រប់គ្រងដោយម្ចាស់ភាគហ៊ុននៅក្នុងស្រុកផ្ទាល់ ខណៈកុងត្រានោះមិនបានបង្ហាញពីតម្លៃឡើយ ដោយគ្រាន់តែបញ្ជាក់ថា ពួកគេនឹងផលិត លក់ និងបម្រើសេវាកម្មគ្រប់ទូរស័ព្ទ Honor ទូទាំងប្រទេសឥណ្ឌាតែម្ដង៕