អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងវិលត្រលប់មកកាន់ប្រទេសកំណើតវិញ នៅថ្ងៃអង្គារ ទី ២២ ខែសីហាខាងមុខនេះ។
សារព័ត៌មានធំៗជាច្រើន បានធ្វើការចុះផ្សាយអំពីការវិលត្រលប់មកប្រទេសថៃវិញ របស់លោក ថាក់ស៊ីន បន្ទាប់ពីកូនស្រីពៅរបស់លោក គឺលោកស្រី Paetongtarn បាននិយាយនៅលើបណ្តាញសង្គមថា លោកស្រី នឹងទៅប្រលានយន្តហោះអន្តរជាតិ Don Muang ដើម្បីស្វាគមន៍ឪពុករបស់លោកស្រី ចំពោះការវិលត្រលប់ចូលប្រទេសវិញ។
ជុំវិញព័ត៌មានទាំងនេះ លោក ថាក់ស៊ីន បានប្រាប់ទៅកាន់សារព័ត៌មាន BCC Thai ថា នៅថ្ងៃទី ២២ នឹងជាការវិលត្រលប់មកកាន់ប្រទេសថៃវិញយ៉ាងពិតប្រាកដ នឹងមិនមានការពន្យារពេលអ្វីទៀតនោះឡើយ។ លោកបានលើកឡើងបែបនេះ នៅមុនពេលចាកចេញពីទីក្រុងឌុយបៃ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី និងគ្រោងចុះចតនៅទីក្រុងបាងកក នាម៉ោង ៩ ព្រឹក ស្អែកនេះ។
ទន្ទឹមនឹងនេះ លោក ថាក់ស៊ីន ក៏បានអះអាងផងដែរថា ចំពោះថ្ងៃនៃការវិលត្រលប់ចូលប្រទេសថៃវិញនេះ គឺមិនជាប់ពាក់ព័ន្ធជាមួយនឹងថ្ងៃបើកកិច្ចប្រជុំសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនោះឡើយ ដោយការវិលត្រលប់ចូលស្រុកកំណើតនេះ ត្រូវបានគ្រោងទុកជាយូរណាមកហើយ។
ជម្រាបជូនផងដែរថា លោក ថាក់ស៊ីន បានសម្រេចភៀសខ្លួនចេញពីប្រទេសថៃ ចាប់តាំងពីលោកត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារយោធា នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦ មក ខណ:ពេលដែលលោក កំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក៕