លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទី បានបង្ហើបឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងគេចមិនផុតពីការជាប់ពន្ធនាគារនោះឡើយ នៅពេលវិលត្រលប់ចូលប្រទេសវិញ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។
លោក Wissanu កាលពីពេលថ្មីៗនេះ បានធ្វើការពិភាក្សាអំពីនីតិវិធីច្បាប់មួយចំនួន ចំពោះការវិលត្រលប់ចូលប្រទេសថៃវិញ របស់លោក ថាក់ស៊ីន បន្ទាប់ពីមានការប្រកាសពីសំណាក់កូនស្រីពៅរបស់លោក គឺលោកស្រី Paetongtarn ដែលបានបញ្ជាក់ថាឪពុកខ្លួន នឹងមកដល់ប្រលានយន្តហោះ Don Muang នៅវេលាម៉ោង ៩ ព្រឹកស្អែកនេះ។
ជុំវិញព័ត៌មាននេះ លោក Wissanu បាននិយាយទៀតថា បើទោះបីជារដ្ឋាភិបាល មិនត្រូវបានគេជូនដំណឹងជាផ្លូវការអំពីការវិលត្រលប់មកវិញរបស់លោក ថាក់ស៊ីន ដែលបានគ្រោងទុកនេះក៏ដោយ ប៉ុន្តែមន្ត្រីបានធ្វើការរៀបចំយ៉ាងល្អិតល្អន់រួចទៅហើយ ដើម្បីទទួលលោក ថាក់ស៊ីន ។
រដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ទៀតថា នៅពេលដែលលោក ថាក់ស៊ីន មកដល់ប្រលានយន្តហោះភ្លាម នោះលោកនឹងត្រូវទទួលរងនូវចំណាត់ការផ្លូវច្បាប់ និងនីតិវិធីទូទៅ សម្រាប់មនុស្ស ដែលមានឋានា:ស្រដៀងគ្នានេះ។
ជម្រាបជូនផងដែរថា លោក ថាក់ស៊ីន នឹងត្រូវតុលាការកំពូលចេញដីកាចាប់ដាក់ពន្ធនាគារភ្លាមៗ ពេលមកដល់ទឹកដីប្រទេសថៃ បន្ទាប់មកមន្ត្រីនឹងនាំលោក ទៅកាន់នាយកដ្ឋានកែប្រែ និងពន្ធនាគារកណ្តាល Klong Prem ដែលស្ថិតនៅក្នុងសង្កាត់ Chatuchak ក្នុងទីក្រុងបាងកក ដើម្បីរង់ចាំនីតិវិធីបន្ត។ នេះបើតាមអ្វីដែលលោក Wissanu បានបញ្ជាក់ ៕