ឥណ្ឌូនេស៊ី គ្រោងនឹងដាក់ឱ្យដំណើរការសេវាផ្លូវរថភ្លើងល្បឿនលឿន ដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅដើមខែតុលាខាងមុខ ក្រោយពីបានពន្យារពេលម្តងហើយម្តងទៀត ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងឥណ្ឌូនេស៊ី និងចិន Kerata Cepat Indonesia China (KCIC) បានកំណត់យកខែតុលា ជាកាលបរិច្ឆេទបើកដំណើរការសេវាកម្មរថភ្លើងល្បឿនល្បឿនរបស់ខ្លួន ដោយ KCIC នឹងប្រើប្រាស់ពេលវេលា ដែលនៅសេសសល់ ដើម្បីធ្វើការសាកល្បងបន្ថែមទៀត ដើម្បីធានាបាននូវសុវត្ថិភាព។
ប្រធានាធិបតីលោក Joko Widodo បាននិយាយកាលពីសប្តាហ៍មុន ដោយលោករំពឹងថានឹងចូលរួមនៅក្នុងការបើកសាកល្បងផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុងហ្សាកាតា ទៅកាន់ទីក្រុង Bandung នៅក្នុងខែកញ្ញាខាងមុខ ខណ:លោកក៏បានសង្កត់ធ្ងន់ថា នៅពេលអ្វីៗរួចរាល់អស់ នោះផ្លូវដែកនឹងដាក់ឱ្យដំណើរការជាផ្លូវការមិនខាន។
គួរឱ្យដឹងថា ការដាក់ឱ្យប្រើប្រាស់សាងល្បង ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញា និងតុលា នោះ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះអាចជិះបាន ដោយពុំគិតថ្លៃអ្វីនោះឡើយ។
ផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែនេះ មានប្រវែងប្រហែល ១៤០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងហ្សាកាតា ទៅកាន់ទីក្រុង Bandung ហើយនឹងមានល្បឿនខ្ពស់បំផុតប្រហែល ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចំណាយត្រឹមតែ ៣៦ នាទីប៉ុណ្ណោះ ដើម្បីទៅដល់គោលដៅ៕