អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កំពុងស្ថិតនៅលើយន្តហោះ ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសថៃ ខណៈអាជ្ញាធរថៃគម្រាមចាប់ខ្លួនលោក ពេលធ្វើការចុះចតនៅប្រលានយន្តហោះ។

បើតាមការបង្ហោះសាររបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា នៅលើបណ្ដាញសង្គម Facebook បានសរសេរថា៖ ថ្ងៃដែលខ្ញុំរង់ចាំបានមកដល់ហើយ រយៈពេល ១៧ឆ្នាំមកនេះ បងតែងតែងនឹករលឹកដល់ស្រុកកំណើត និងផ្ទះ ហើយខ្ញុំគោរពតាមការសម្រេចចិត្តរបស់បង។ ខ្ញុំសូមជូនដំណើរបងពីទីក្រុងឌូបៃ ទៅកាន់ប្រទេសថៃ។ ជូនពរសំណាងល្អបងប្រុស ខ្ញុំស្រលាញ់បង។

គួររំលឹកដែរថា ដំណឹងនៃការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីរូបនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងប្រទេសថៃ ពោលអាជ្ញាធរថៃបានប្រកាសថា នឹងធ្វើការចាប់ខ្លួនលោកថាក់ស៊ីនតែម្ដង នៅពេលដែលអតីតនាយករដ្ឋមន្ត្រីរូបនេះជាន់ដីថៃភ្លាម។
ជម្រាបបន្ថែមថា លោក ថាក់ស៊ីន បានសម្រេចភៀសខ្លួនចេញពីប្រទេសថៃ ចាប់តាំងពីលោកត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារយោធា នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦ មក ខណ:ពេលដែលលោក កំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក៕