នាព្រឹកថ្ងៃទី ២២ ខែសីហានេះ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានវិលត្រឡប់ចូលមាតុភូមិវិញ បន្ទាប់ពីរស់នៅជាជនភៀសខ្លួនអស់រយៈពេល ១៧ឆ្នាំ។

យោងតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិជាច្រើនបានបង្ហាញថា ការវិលត្រឡប់មកវិញរបស់លោក ថាក់ស៊ីន ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រគណបក្សភឿថៃ ដោយមានកូនស្រីពៅ អ្នកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា អបដំណើរលោក ចេញពីប្រលានយន្តហោះ។
គួររំលឹកដែរថា កន្លងមកអាជ្ញាធរថៃបានប្រកាសថា នឹងធ្វើការចាប់ខ្លួនលោក ថាក់ស៊ីន ភ្លាមៗ បន្ទាប់ពីលោកចូលដល់ប្រទេសថៃ ដោយបញ្ជូនលោកទៅកាន់តុលាការកំពូល មុននឹងបញ្ជូនទៅកាន់ពន្ធនាគារ ទាក់ទងនឹងសំណុំរឿងពុករលួយ អំឡុងពេលលោកកាន់តំណែង។
សូមជម្រាបដែរថា ការវិលចូលប្រទេសថៃរបស់លោកថាក់ស៊ីន គឺចំពេលដែលរដ្ឋសភា និងព្រឹទ្ធសភាថៃ គ្រោងបើកការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ពោលអាចនឹងប្រព្រឹត្តពីម៉ោង ៣រសៀលនេះតទៅ៕