នាព្រឹកថ្ងៃទី២២ ខែសីហានេះ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានវិលត្រឡប់មកប្រទេសកំណើតជាលើកដំបូង បន្ទាប់ពីរត់ភៀសខ្លួនទៅរស់នៅក្រៅប្រទេស អស់រយៈពេល ១៧ឆ្នាំ។
បន្ទាប់ពីជាន់ដីថៃមិនបានប៉ុន្មានផង លោក ថាក់ស៊ីន ត្រូវបានក្រុមប៉ូលិសបញ្ជូនខ្លួនទៅកាន់តុលាការកំពូល និងត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល ៨ឆ្នាំ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីពុករលួយ អំឡុងពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី។ នេះបើតាមការចុះផ្សាយពីគេហទំព័រ ThaiPBS។
ប្រភពដដែលបន្ថែមថា តុលាការបានចោទប្រកាន់លោកថាក់ស៊ីន ទាក់ទងនឹងករណីចំនួន ៣ ដូចជា ទាក់ទងនឹងករណីពុករលួយប្រាក់កម្ចីនៃធនាគារ Exim Bank ករណីបន្លំទិញដី និងករណីក្រុមហ៊ុន Shin Corp។
ជាមួយគ្នានោះ លោកថាក់ស៊ីន ក៏អាចស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រផងដែរ អំឡុងពេលអនុវត្តទោសនៅថ្ងៃដំបូង។ នេះបើតាមការឲ្យដឹងពីឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam៕