តុលាការកំពូលថៃ សម្រេចឲ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំពីបទចោទចំនួន៣ បន្ទាប់ពីធ្វើការឃាត់ខ្លួននៅព្រលានយន្តហោះ ដនមឿង នៅព្រឹកថ្ងៃអង្គារ៍នេះ ក្រោយលោកត្រឡប់មកស្រុកវិញ។
នាយកដ្ឋានកែប្រែថៃ បានប្រកាសពីព័ត៌មានលំអិតទាក់ទងនឹងការបញ្ជូនខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ ទៅកាន់ពន្ធនាគារពិសេសបាងកក (Bangkok Special Prison) ដោយមានការឃ្លាំមើលពីឆ្មាំគុក ២៤ម៉ោងលើ ២៤ម៉ោង ខណៈបច្ចុប្បន្នលោកត្រូវជាប់ឃុំឃាំងនៅពន្ធនាគារ Bangkok Remand Prison ជាបណ្តោះអាសន្ន។
លោក Sitthi Suteewong អគ្គនាយករងនៃនាយកដ្ឋានកែប្រែ បានឲ្យដឹងថា លោកថាក់ស៊ីន តម្រូវឲ្យនៅក្នុងបន្ទប់ឃុំឃាំងមួយម្នាក់ឯង ក្រោមហេតុផលបារម្ភពីសុខភាព និងខ្លាចឆ្លងជំងឺពីអ្នកទោសដទៃ ខណៈទីតាំងដែលលោកត្រូវឃុំឃាំងគឺមានឈ្មោះថា Zone 7។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thaibps។
ទន្ទឹមនឹងនោះ លោក Ayut Sinthopphan អគ្គនាយកនៃនាយកដ្ឋានកែប្រែ បានបន្ថែមថា ដើម្បីធានាដល់សុវត្ថិភាពរបស់លោក ថាក់ស៊ីន នាយកដ្ឋានកែតម្រូវបានចាត់វិធានការ ៣ចំណុច ទី១/ត្រូវមើលយ៉ាងដិតដល់ចំពោះម្ហូបអាហារ និងការមកសួរសុខទុក្ខរបស់លោកថាក់ស៊ីន ទី២/លោកថាក់ស៊ីន អាចនឹងមានអ្នកមកសួរសុខទុក្ខច្រើន ដូច្នេះខាងពន្ធនាគារបានរៀបចំទីតាំងដាច់ដោយឡែក សម្រាប់ការសួរសុខទុក្ខ ជៀសវៀងបង្កភាពចលាចល និងទី៣/ដោយសារលោកថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ សុខភាពរបស់លោកមិនសូវមាំទាំ ដូច្នេះលោកត្រូវទទួលបានការឃ្លាំមើលយ៉ាងជិតដិតពីឆ្មាំគុក និងមើលថែពីក្រុមគ្រូពេទ្យក្នុងករណីចាំបាច់។
សូមជម្រាបដែរថា នាយកដ្ឋានកែប្រែ នឹងអនុញ្ញាតិឲ្យថាក់ស៊ីនជួបជាមួយអ្នកមកសួរសុខទុក្ខ បន្ទាប់ពីឃុំខ្លួនបាន ១០ថ្ងៃ ខណៈ ៥ថ្ងៃដំបូង លោក ថាក់ស៊ីន នឹងត្រូវឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុត ហើយអំឡុងពេលនោះ មានតែក្រុមមេធាវីប៉ុណ្ណោះ ទើបអាចជួបជាមួយលោក ថាក់ស៊ីនបាន ហើយ ៥ថ្ងៃបន្ទាប់ តម្រូវឲ្យលោកត្រូវសម្រាកមុនជួបជាមួយអ្នកមកសួរសុខទុក្ខ៕