អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប្រចាំប៉ុស្តិ៍ប៉ូលិសទាំងយប់ ក្រោយមានអាការៈមិនស្រួលខ្លួននាថ្ងៃដំបូងនៃការឃុំខ្លួន បន្ទាប់ពីលោកវិលមកស្រុកកំណើត ក្នុងរយៈពេល ១៧ឆ្នាំនៃការរត់ភៀសខ្លួន។
ស្ថានភាពជំងឺរបស់បុរសវ័យ ៧៤ឆ្នាំរូបនេះ នៅមិនទាន់បង្ហាញឲ្យដឹងឡើយ ប៉ុន្តែមន្ត្រីនាយកដ្ឋានពន្ធនាគារម្នាក់បានបង្ហើបថា អតីតមេដឹកនាំរូបនេះត្រូវបានសម្រាកនៅមន្ទីរពេទ្យ ដោយសារលោកមានអាការៈលើសឈាម ព្រោះតែមិនអាចសម្រានលក់នៅក្នុងបន្ទប់ឃុំឃាំង នាយប់ដំបូងនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
គួររំលឹកដែរថា នាយកដ្ឋានកែប្រែក៏បានជម្រាបជូនដែរថា លោក ថាក់ស៊ីន មានបញ្ហាសុខភាពច្រើនដូចជា បញ្ហាបេះដូង សួត ឆ្អឹងខ្នង និងបញ្ហាលើសឈាម ដូច្នេះលោកត្រូវការការមើលថែយ៉ាងយកចិត្តទុកដាក់។
សូមជម្រាបបន្ថែមថា លោក ថាក់ស៊ីន ត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ បន្ទាប់ពីរងការចោទប្រកាន់ទាក់ទងនឹងការប្រើអំណាច កិបកេងផលផលប្រយោជន៍ផ្ទាល់ខ្លួន៕