កាលពីថ្ងៃទី២២ ខែសីហាកន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា ហានិភ័យអតិផរណានៅប្រទេសរុស្ស៊ី កំពុងមានការកើនឡើង ហើយបានប្រាប់ទៅកាន់រដ្ឋាភិបាល និងធនាគារកណ្ដាល ឲ្យត្រៀមខ្លួនរៀបចំវិធានការ ដើម្បីគ្រប់គ្រងស្ថានការណ៍នានា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ហានិភ័យនៃការកើនឡើងនៃតម្លៃម្ហូបអាហារ នឹងធ្វើឲ្យខូចស្តង់ដារនៃការរស់នៅរបស់ប្រជាជនរុស្ស៊ី ហើយក៏អាចបង្កជាផលប៉ះពាល់ ដល់លោក ពូទីន ផងដែរ ដ្បិតលោកកំពុងរៀបចំ និងត្រៀមខ្លួនឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីម្ដងទៀត នាខែមីនាឆ្នាំក្រោយ។
ជាមួយគ្នានោះ កញ្ចប់ទឹកប្រាក់របស់រុស្ស៊ី កំពុងមានភាពតានតឹង ដោយសាររុស្ស៊ីបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន ក្រោមហេតុផល “ប្រតិបត្តិការយោធាពិសេស” ខណៈធនាគារកណ្ដាល ត្រូវបង្ខំចិត្តបង្កើនអត្រាការប្រាក់កាលពីសប្ដាហ៍មុន ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃរូបិយវត្ថុរុស្ស៊ី។
គួររំលឹកដែរថា បន្ទាប់ពីជួបការកើនឡើងនៃអត្រាអតិផរណាដល់ ២ខ្ទង់កាលពីឆ្នាំ២០២២ ការកើនឡើងនៃតម្លៃក៏មានការធ្លាក់ចុះនៅនិទាឃរដូវ ខណៈអត្រាអតិផរណាបច្ចុប្បន្ន កំពុងមានខ្ពស់ជាការប៉ាន់ប្រមាណពីធនាគារកណ្ដាល និងបន្តកើនឡើងជាលំដាប់ ដែលអាចធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ី ប្រឈមនឹងហានិភ័យមួយកម្រិតទៀត៕