មហាសេដ្ឋីអាមេរិក Elon Musk ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងឡុដ៍ នាចុងឆ្នាំនេះ ពីសំណាក់នាយករដ្ឋមន្ត្រី Rishi Sunak បន្ទាប់ពីមហាសេដ្ឋីម្នាក់នេះ សម្រេចចិត្តវិនិយោគនៅបារាំង ជាជាងនៅអង់គ្លេស។

យោងតាមការចុះផ្សាយពីគេហទំព័រ Telegraph បានបង្ហាញថា លោក Sunak ចង់អញ្ជើញស្ថាបនិកក្រុមហ៊ុន SpaceX រួមទាំងស្ថាបនិកក្រុមហ៊ុន Amazon ជាភ្ញៀវកិត្តិយសពិសេស ក្នុងកិច្ចប្រជុំ Global Investment ដែលគ្រោងរៀបចំធ្វើនៅខែវិច្ឆិកា ឆ្នាំនេះ។

ប្រភពដដែលបន្ថែមថា ការអញ្ជើញមហាសេដ្ឋីមានបំផុតប្រចាំអាមេរិកទាំង ២រូបនេះ គឺដើម្បីបង្ហាញពីសក្ដានុពល ដែលអង់គ្លេសកំពុងមាន ក៏ដូចជាចង់អូសទាញការវិនិយោគបន្ថែមពីធុរកិច្ចជនកំពូលៗនានាទូទាំងពិភពលោកផងដែរ។
សូមជម្រាបដែរថា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបដិសេធមិនបញ្ជាក់ពីការអញ្ជើញ Elon Musk ឡើយ ប៉ុន្តែបាននិយាយថា CEO ប្រហែល ២០០នាក់ និង វិនិយោគិនលំដាប់ A ត្រូវបានទាក់ទង ដោយរដ្ឋាភិបាលផ្ទាល់ សម្រាប់កិច្ចប្រជុំ Global Investment នាឆ្នាំនេះ៕