ធនាគារធំបំផុតទីពីររបស់ថៃ កំពុងចរចាទិញយកធនាគារវៀតណាម ក្នុងតម្លៃ ១ពាន់លានដុល្លារ

អន្តរជាតិ

ធនាគារលំដាប់កំពូលរបស់ប្រទេសថៃ Kasikornbank (Kbank) កំពុងស្ថិតនៅក្នុងការចរចា ដើម្បីទិញយកធនាគារ Home Credit Vietnam នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃរហូតដល់ទៅ ១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​Kbank ដែលជាធនាគារធំបំផុតលំដាប់ទីពីរ របស់ប្រទេសថៃដោយគិតតាមទ្រព្យសម្បត្តិសរុប កំពុងបង្ហាញពីក្តីសង្ឃឹមខ្ពស់ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសជិតខាងមួយនេះ បន្ទាប់ពីបានក្លាយជាធនាគារមួយ ក្នុងចំណោមធនាគារកំពូលទាំង ២០ របស់វៀតណាម ។

ជុំវិញដំណឹងក្នុងការទិញយកនេះ បានកើតឡើងនៅចំពេលដែលធនាគារវៀតណាម កំពុងស្ថិតនៅក្រោមសម្ពាធ ខណ:សេដ្ឋកិច្ចធ្លាក់ចុះ និងមានភាពចលាចល នៅក្នុងវិស័យអចលនទ្រព្យ ដែលជាហេតុធ្វើឱ្យមានការកើនឡើងនៃប្រាក់កម្ចីមិនល្អ និងបង្កឱ្យមានការកាត់បន្ថយអត្រាការប្រាក់យ៉ាងខ្លាំង។

យោងតាមប្រភពជាច្រើន បានបង្ហាញឱ្យដឹងថា ធនាគារ Kbank បានពិភាក្សាជាមួយអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុមួយចំនួន ដើម្បីស្វែងយល់បន្ថែមពីកិច្ចព្រមព្រៀងដ៏ធំមួយនេះ បើទោះបីជាការពិភាក្សានៅតែកំពុងបន្ត ហើយមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយ ត្រូវបានធ្វើឡើងក៏ដោយ៕