កាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅ នាយករដ្ឋមន្ត្រីថៃថ្មី លោក Srettha Thavisin បានប្ដេជ្ញាធ្វើការមិនខ្លាចនឿយហត់ និងសន្យាកែប្រែជីវភាពប្រជាជនថៃ ក៏ដូចជាស្ដារសេដ្ឋកិច្ចប្រទេសជាតិឲ្យកាន់តែរីកចម្រើនជាងមុនថែមទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន ThaiPBS បានបង្ហាញថា បន្ទាប់ពីទទួលបានព្រះរាជក្រឹត្យតែងតាំងជានាយករដ្ឋមន្ត្រីថ្មី អតីតអ្នកធុរកិច្ចម្នាក់នេះប្ដេជ្ញាចិត្ត កែប្រែប្រទេសថៃឲ្យទៅជាដែនដីនៃក្ដីសង្ឃឹម សម្រាប់មនុស្សជំនាន់ក្រោយ។
“រយៈពេល ៤ឆ្នាំក្រោមការដឹកនាំរបស់ខ្ញុំ នឹងក្លាយជាមានការកែប្រែច្រើន។ ប្រទេសថៃនាពេលនេះ កំពុងស្ថិតនៅចំណុចសំខាន់ក្នុងការកែប្រែ ដោយសារពួកយើងកំពុងជួបបញ្ហា ដែលទាមទារឲ្យមានការដោះស្រាយជាបន្ទាន់”។ នេះបើតាមសម្ដីរបស់នាយករដ្ឋមន្ត្រីថៃថ្មី។

លោកបានបន្ថែមថា បញ្ហាដែលថៃកំពុងជួបប្រទះគឺមានដូចជា វិបត្តិសេដ្ឋកិច្ច បញ្ហាចំណូល ការចំណាយ សុខុមាលភាពរបស់ប្រជាជន សន្តិសុខ សង្គម កិច្ចការបរទេស បរិស្ថាន ច្បាប់ យុត្តិធម៌ និងអំពើពុករលួយ។
ជាមួយគ្នានោះ លោក Srettha បានអះអាងថា រដ្ឋាភិបាលរបស់លោកក៏បានត្រៀមមធ្យោបាយរួចជាស្រេច សម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
បន្ថែមពីនោះ នាយករដ្ឋមន្ត្រីថៃ ក៏បានអំពាវនាវឲ្យប្រជាជនថៃបញ្ចេញមតិនានា ក្នុងការកែលំអរ និងស្ដារសេដ្ឋកិច្ចប្រទេសជាតិ ហើយរដ្ឋាភិបាលរបស់លោកនឹងធ្វើការឲ្យអស់ពីសមត្ថភាព ដើម្បីកែប្រែជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិឲ្យកាន់តែខ្ពស់នៅលើឆាកអន្តរជាតិបន្ថែមទៀត៕