នាថ្ងៃទី២៤ ខែសីហានេះ នាយករដ្ឋមន្ត្រីថៃថ្មី លោក Srettha Thavisin បានចូលជួបសំណេះសំណាល ជាមួយលោក ប្រាយុទ្ធ ចាន់អូចា ដើម្បីសុំដំបូន្មាន និងការណែនាំ ពីអ្នកនយោបាយជើងចាស់រូបនេះ។
ក្រោយពីបញ្ចប់កិច្ចពិភាក្សាជាមួយលោក ប្រាយុទ្ធ ក្រុមអ្នកសារព័ត៌មានបានចោទសួរទៅកាន់នាយករដ្ឋមន្ត្រីថ្មីថា តើលោកទទួលបានការណែនាំអ្វីខ្លះ? លោក Srettha បានឆ្លើយតបថា៖ គាត់ (លោកប្រាយុទ្ធ) ប្រាប់ខ្ញុំធ្វើចិត្តឲ្យស្ងប់ មានភាពអត់ធ្មត់ ការពារទឹកដី និងរាជាធិបតេយ្យ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។
នៅក្នុងជំនួបនោះ លោក Srettha មានបំណងចង់សុំយោបល់ពីនាយករដ្ឋមន្ត្រីចាំផ្ទះ ក្នុងការសម្រេចរុះរើគណៈរដ្ឋមន្ត្រី ដោយសារបក្សចម្រុះរបស់គណបក្សភឿថៃ មានរហូតដល់ ១១គណបក្ស ដូច្នេះការរៀបចំគណៈរដ្ឋមន្ត្រីថ្មី មិនមែនជារឿងងាយស្រួលនោះឡើយ។
ជាមួយគ្នានោះ បណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនកំពុងរង់ចាំមើលពីតំណែងសំខាន់ៗ នៃគណៈរដ្ឋមន្ត្រីថ្មី ដោយក្នុងនោះមានមួយចំនួនសន្និដ្ឋានថា លោក Srettha នឹងកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុដោយខ្លួនឯងថែមទៀតផង។
សូមជម្រាបដែរថា រដ្ឋាភិបាលថ្មី នឹងត្រូវប្រាប់ពីគោលបំណងនៃគោលនយោបាយរបស់ពួកគេ ទៅកាន់សម័យប្រជុំសភាម្ដងទៀត មុនពេលចាប់ផ្ដើមបំពេញការងារនាចុងខែកញ្ញានេះ៕