បើទោះជាគណបក្សដ៏ធំបំផុតមួយនៅក្នុងសភាតំណាងរាស្រ្តថៃក៏ដោយ តែគណបក្សឆ្ពោះទៅមុខ បានប្រកាសថានឹងធ្វើការក្នុងនាមជាបក្សប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីសភាបានអនុម័តឱ្យបេក្ខភាពរបស់គណបក្សភឿថៃ លោក Srettha Thavisin ធ្វើជានាយករដ្ឋមន្ត្រីថ្មី។
លោក ភីថា លីមចារើនរ៉ាត់ ប្រធានគណបក្សឆ្ពោះទៅមុខ ដែលបរាជ័យក្នុងការឡើងតំណែងនាយករដ្ឋមន្រ្តីថៃទី៣០នោះ ក៏បាននិយាយថា គណបក្សរបស់លោក នឹងបំពេញតួនាទីក្នុងនាមជាបក្សប្រឆាំង ប៉ុន្តែប្រកបដោយទំនួលខុសត្រូវ ហើយនឹងមិនចេះតែប្រឆាំងទៅនឹងអ្វីគ្រប់យ៉ាងដែលពាក់ព័ន្ធជាមួយរដ្ឋាបាលថ្មី ឬមានគំនិតចង់ផ្តួលរំលំនោះឡើយ។
នៅក្នុងបណ្តាញហ្វេសប៊ុករបស់លោកកាលពីម្សិលមិញលោក ភីថា បានប្តេជ្ញាចិត្តថា នឹងបន្តដឹកនាំបក្សឆ្ពោះទៅមុខ ដើម្បីជាក្តីសង្ឃឹម និងការបំផុសគំនិតរបស់ប្រជាជន។
ជុំវិញការឡើងកាន់តំណែងនេះ អគ្គលេខាធិការបក្សឆ្ពោះទៅមុខ លោក Chaithawat Tulaton បានប្រាប់អ្នកសារព័ត៌មានថា ការចាប់ដៃគ្នារវាងគណបក្សភឿថៃ និងគណបក្សដែលមានទំនាក់ទំនងជាមួយរបបយោធា ក្នុងចំណោមគណបក្សដទៃទៀត ដើម្បីបង្កើតក្រុមចម្រុះនោះ គឺមិនមែនចង់បញ្ចប់ការបែកបាក់ផ្ទៃក្នុងនយោបាយនោះឡើយ តែជាការឃុបឃិតគ្នា ដើម្បីពង្រីកប្រព័ន្ធនយោបាយរបស់របបយោធា។
លោក Chaithawat បានលើកឡើងថា គណបក្សរបស់លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការពិនិត្យមើលការអនុវត្តរបស់រដ្ឋាភិបាល ដើម្បីជាប្រយោជន៍ប្រជាជន ហើយនឹងសម្របសម្រួលជាមួយអ្នកនៅក្រៅសភា ដើម្បីឱ្យមានការផ្លាស់ប្តូរ នៅក្នុងសង្គមថៃ។
លោក Srettha ដែលជាអតីតសេដ្ឋីអចលនទ្រព្យដ៏ធំប្រចាំប្រទេសនោះ ត្រូវបានព្រះមហាក្សត្រថៃ ត្រាស់បង្គាប់ឱ្យក្លាយជានាយករដ្ឋមន្ត្រីថៃជាផ្លូវការ បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ៤៨២ សំឡេង នៅក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃទី២២ ខែសីហាកន្លងទៅថ្មីៗនេះ៕