ឡាវ គ្រោងចាប់ដៃគ្នាជាមួយថៃ សង់ផ្លូវល្បឿនលឿនភ្ជាប់ទៅកាន់ប្រទេសវៀតណាម

អន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយឡាវ ថ្មីៗនេះបានរាយការណ៍ថា អាជ្ញាធរឡាវ និងថៃ បានពិភាក្សាគ្នា ទៅលើផែនការក្នុងការសាងសង់ផ្លូវល្បឿនលឿន ដែលមានប្រវែង ១៦០ គីឡូម៉ែត្រ ពីខេត្ត Savannakhet ឆ្ពោះទៅកាន់ច្រកព្រំដែន Lao Bao ជាប់ប្រទេសវៀតណាម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន VNA បានឱ្យដឹងថា អភិបាលរងខេត្ត Savannakhet លោក Sensesak Soulysak បានស្នើគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ទៅកាន់អតីតរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែថៃ លោក Sonthirat Sonthijirawong និងមន្ត្រីថៃដទៃទៀត។

អភិបាលរងខេត្តរូបនេះ បានគូសបញ្ជាក់ទៀតថា រួមជាមួយផ្លូវល្បឿនលឿន ក៏មានការវិនិយោគទៅលើការសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំ និងទីលានវាយកូនហ្គោល ក៏ដូចជាសេវាកម្មដឹកជញ្ជូនអន្តរជាតិជាដើម ដែលអាចនឹងជួយជំរុញការអភិវឌ្ឍបន្ថែមទៀត នៅក្នុងខេត្តនេះ បន្ទាប់ពីទទួលបាននូវកំណើននៃការវិនិយោគពីបរទេសរួចមកហើយ ទៅលើវិស័យថាមពលកកើតឡើងវិញ។

លោក Sensesak បានបន្ថែមទៀតថា ផ្លូវល្បឿនលឿននេះ នឹងកាន់តែជួយជំរុញពាណិជ្ជកម្មបន្ថែមទៀត ដោយសារតែខេត្តនេះ ស្ថិតនៅក្នុងច្រករបៀងសេដ្ឋកិច្ចបូព៌ា-​បស្ចឹម ​(East-West Economic Corridor) ។

ជម្រាបជូនផងដែរថា បច្ចុប្បន្នប្រទេសថៃ គឺជាអ្នកវិនិយោគបរទេសធំបំផុតទីពីរ នៅក្នុងខេត្ត Savannakhet បន្ទាប់ពីប្រទេសចិន នៅក្នុងឆ្នាំ ២០២៣ នេះ។