អារ៉ាប៊ីសាអូឌីត រួមជាមួយប្រទេស៥ ផ្សេងទៀត ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងប្លុកសេដ្ឋកិច្ច BRICS

អន្តរជាតិ

ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានអញ្ជើញឱ្យក្លាយជាសមាជិកពេញសិទ្ធិនៃក្រុមប្រទេសសេដ្ឋកិច្ច BRICS រួមជាមួយអ៊ីរ៉ង់ អារ៉ាប់រួម អាហ្សង់ទីន អេហ្ស៊ីប និងអេត្យូពី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណឹងនេះ បានកើតឡើងនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល BRICS ប្រចាំឆ្នាំ នៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនសំខាន់ៗ នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ហើយវាក៏ជាការបន្ថែមសមាជិកថ្មីលើកដំបូងផងដែរ ចាប់តាំងពីឆ្នាំ ២០១០ មក ខណ:បច្ចុប្បន្នប្លុកសេដ្ឋកិច្ចដ៏ធំបំផុតមួយនេះ រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។

តាមរយ:សារជាវីដេអូមួយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការអបអរសាទរចំពោះអនាគតសមាជិក BRICS ថ្មី ដោយបន្ថែមថាឥទ្ធិពលសកល របស់ប្លុកនេះនឹងកាន់តែបន្តកើនឡើង។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក៏បានស្វាគមន៍ចំពោះការបន្ថែមសមាជិកថ្មីនេះផងដែរ ដោយនិយាយថាប្រទេសរបស់លោក តែងតែជឿជាក់ថាការបន្ថែមសមាជិកថ្មីនឹងកាន់តែជួយពង្រឹងប្លុកសេដ្ឋកិច្ចនេះបន្ថែមទៀត។

ជម្រាបជូនផងដែរថា សេចក្តីប្រកាសនេះ បានធ្វើឱ្យអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតរបស់ពិភពលោក នឹងចូលរួមនៅក្នុងប្លុកសេដ្ឋកិច្ចដូចគ្នា ជាមួយចិន ដែលជាប្រទេសនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោក ៕