សមាជិកនៃបក្សចម្រុះភឿថៃ ដែលមានរហូតដល់ ១១គណបក្ស កំពុងចរចាមុខតំណែង នៅក្នុងការបង្កើតគណៈរដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក Srettha Thavisin ដែលជាបេក្ខជនតំណាងឲ្យគណបក្សភឿថៃ ទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ពីសភា ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មី។ នេះបើតាមការចុះផ្សាយពីកាសែត Bangkokpost។

ក្នុងនោះ គណបក្សភឿថៃដែលជាមេបក្សចម្រុះ ចង់ទទួលបានមុខតំណែងនៅក្នុងក្រសួងមហាផ្ទៃ និងក្រសួងដឹកជញ្ជូន ខណៈនាយករដ្ឋមន្ត្រី Srettha រំពឹងកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ស្របពេលមនុស្សជំនិតរបស់លោក ប្រាយុទ្ធ ចាន់អូចា ឧត្តមសេនីយ៍ Nattapon Nakpanich អាចនឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ។

ជាមួយគ្នានោះ មេបក្ស Bhumjaithai លោក Anutin Charnviakul និងអនុប្រធានបក្សភឿថៃ Phumtham Wechayachai រំពឹងឡើងតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ដោយឡែក មេបក្សភឿថៃ លោក Chonan Srikaew អាចនឹងក្លាយជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈ ស្របពេលមេបក្សថៃរួបរួមជាតិ លោក Pirapan Salirathavibhaga អាចនឹងក្លាយជារដ្ឋមន្ត្រីក្រសួងថាមពល៕