អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើតប្រវត្តិសាស្ត្រថ្មីទៀតហើយ ដោយបានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ស្គាល់រសជាតិជាប់ពន្ធនាគារ និងមានរូបថត មុនបញ្ជូនខ្លួនចូលក្នុងបន្ទប់ឃុំឃាំង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន BBC បានបង្ហាញថា លោក ត្រាំ ត្រូវបានបញ្ជូនចូលពន្ធនាគារ Fulton County ប្រមាណ ២០នាទី មុនពេលលោកបង់ប្រាក់ ២០០ ០០០ដុល្លារ ដើម្បីធានានៅក្រៅឃុំ។
គួរជម្រាបដែរថា តុលាការបានចោទប្រកាន់លោករហូតដល់ ១៣ករណី រាប់បញ្ចូលទាំងការចោទថា លោកបញ្ចេញមតិមិនពិត និងបង្កឲ្យមានភាពចលាចល ប៉ុន្តែអតីតប្រធានាធិបតីអាមេរិករូបនេះ ច្រានចោលការចោទប្រកាន់ទាំងនោះ និងអះអាងថា នេះគឺជាអន្ទាក់នយោបាយ ដែលគេរៀបចំមកលើរូបលោកប៉ុណ្ណោះ។

រំលឹកបន្ថែមថា អំឡុងពេលជាប់ពន្ធនាគារនៅ Fulton County ក្រុមប៉ូលិសក៏បានថតរូប និងកត់ត្រាពីព័ត៌មានផ្ទាល់ខ្លួនរបស់លោក ដូណាល់ ត្រាំ ផងដែរ ដោយបានបញ្ជាក់ថា លោកមានកំពស់ ១៩០,៥សង់ទីម៉ែត្រ និងមានទំងន់ ៩៧គីឡូក្រាម៕