នារសៀលថ្ងៃទី២៥ ខែសីហានេះ សមាជិកជាន់ខ្ពស់ម្នាក់នៃគណបក្សភឿថៃ លោក Sutin Klungsang បានទម្លាយប្រាប់បណ្ដាញសារព័ត៌មាន ThaiPBS ថា ការរៀបចំរចនាសម្ព័ន្ធនៃគណៈរដ្ឋមន្ត្រីថ្មី ជិតរួចរាល់ហើយ ខណៈគ្រោងនឹងដាក់ស្នើទៅកាន់ព្រះមហាក្សត្រ ដើម្បីសុំការអនុញ្ញាតនាសប្ដាហ៍ក្រោយនេះ។

លោក Sutin បានបន្ថែមថា គណបក្សរបស់លោកមានបំណងចង់បានតំណែងនៅក្នុងក្រសួងសំខាន់ៗដូចជា ក្រសួងហិរញ្ញវត្ថុ សុខាភិបាលសាធារណៈ និងដឹកជញ្ជូនជាដើម ប៉ុន្តែក៏ត្រូវបោះបង់តំណែងនៅក្រសួងមួយចំនួនទៀត ទៅកាន់សមាជិកបក្សចម្រុះផ្សេងៗដូចជា នៅក្រសួងអប់រំ និងក្រសួងមហាផ្ទៃជាដើម។
ជាមួយគ្នានោះលោកក៏បានច្រានចោលនូវចចាមអារ៉ាមថា គណបក្សភឿថៃ កំពុងឈ្លោះប្រកែកជាមួយសមាជិកបក្សចម្រុះនានាដូចជា ឧត្តមសេនីយ៍ Prawit Wongsuwan មេដឹកនាំគណបក្ស Palang Pracharath ផងដែរ។

សូមជម្រាបដែរថា មានការរំពឹងទុកថា នាយករដ្ឋមន្ត្រី Srettha Thavisin នឹងឡើងកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ខណៈសមាជិកសភាបក្សភឿថៃ Suriya Juangroongruangkit ទំនងជាក្លាយជារដ្ឋមន្ត្រីដឹកជញ្ជូន សមាជិកសភាបក្សភឿថៃសម្រាប់ខេត្តឈៀងម៉ៃ Julapun Amornvivat អាចក្លាយជារដ្ឋមន្ត្រីការបរទេស។

បន្ថែមពីនោះ លោក Sutin Klungsang ទំនងឡើងកាន់តំណែងរដ្ឋមន្ត្រីការពារជាតិ ខណៈលោក Krisana Chinavicharana អាចជាអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយអគ្គស្នងការប៉ូលីស Patcharawat Wongsuwan ប្អូនប្រុសរបស់ឧត្តមសេនីយ Prawit ត្រូវបានគេរំពឹងថា នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន៕