នាយករដ្ឋមន្ត្រីថ្មី លោក Srettha Thavisin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណបក្សភឿថៃ កំពុងសិក្សាអំពីគម្រោងក្នុងការកែលម្អអាកាសយានដ្ឋាននៅទូទាំងប្រទេស ហើយនិងសាងសង់អាកាសយានដ្ឋានថ្មីចំនួនពីរបន្ថែមទៀតផងដែរ ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។
លោក Srettha បានមានប្រសាសន៍ថា រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សភឿថៃ នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញលើវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាផ្នែកដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ចរបស់ប្រទេស ។
គណបក្សភឿថៃ កំពុងកំណត់គោលដៅក្នុងការសាងសង់ប្រលានយន្តហោះថ្មី នៅឈៀងម៉ៃ និងភូកេត ដែលជាទិសដៅទេសចរណ៍ដ៏សំខាន់បំផុត សម្រាប់អ្នកធ្វើដំណើរទាំងក្នុងស្រុក និងអន្តរជាតិ។ ហើយទន្ទឹមនឹងនោះ អាកាសយានដ្ឋានទាំងអស់នៅទូទាំងប្រទេស ក៏នឹងត្រូវធ្វើការកែលម្អឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ផងដែរ។
លោក Srettha បានសង្កត់ធ្ងន់ទៀតថា សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ គួរតែអាចធ្វើឱ្យការមកដល់ និងការចាកចេញរបស់ភ្ញៀវទេសចរ នៅពេលយប់កាន់តែមានផាសុកភាព ខណ:បច្ចុប្បន្ននេះ ប្រលានយន្តហោះដែលមានស្រាប់ នៅតែមានកម្រិតនៅឡើយ៕