ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិរបស់ឥណ្ឌូនេស៊ី (BRIN) បច្ចុប្បន្ន កំពុងធ្វើការរៀបចំយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍទៅលើរោងចក្រនុយក្លេអ៊ែរដំបូងបំផុត នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
រដ្ឋាភិបាលឥណ្ឌូនេស៊ី បាននិយាយថា បច្ចេកវិទ្យានុយក្លេអ៊ែរ គឺជាប្រភពដ៏សំខាន់មួយនៃថាមពលកកើតឡើងវិញ ស្របពេល BRIN កំពុងរៀបចំអ្វីៗ ដែលចាំបាច់បំផុត ដូចជាធនធានមនុស្ស សមត្ថភាពបច្ចេកវិទ្យា និងការកំណត់ទៅលើតំបន់សម្រាប់ការអភិវឌ្ឍរោងចក្រនុយក្លេអ៊ែរ ជាដើម។
ទន្ទឹមនឹងនេះ BRIN សង្ឃឹមថា បច្ចេកវិទ្យាល្អបំផុត ដែលមានហានិភ័យទាបបំផុត និងប្រកបដោយប្រសិទ្ធភាពខ្ពស់នេះ អាចនឹងត្រូវអនុវត្តនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងលក្ខណ:អំណោយផលរបស់ឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជុំកោះ រួមទាំងភាពអំណោយផលនៃរដូវកាល និងផ្សេងៗទៀត។
លោក Mego Pinandito ដែលជាមន្ត្រីជាន់ខ្ពស់ របស់ BRIN បាននិយាយថា ការចូលរួមរបស់ភាគីបរទេស គឺពិតជាចាំបាច់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយទីភ្នាក់ងារ កំពុងរង់ចាំគោលនយោបាយពីរដ្ឋាភិបាល ដែលអាចផ្តល់ការលើកទឹកចិត្តដល់គម្រោងដ៏ធំនេះ ៕