កាលពីអាទិត្យម្សិលមិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក អ្នកស្រី Gina Raimondo បានធ្វើការចុះចតដោយសុវត្ថិភាពនៅប្រទេសចិន ហើយបន្ទាប់ពីជាន់ដីចិនភ្លាម ឥស្សរជនអាមេរិករូបនេះ ចង់ពង្រឹង និងបង្កើនកំណើនវិស័យទេសចរណ៍រវាងមហាអំណាចទាំង ២ឡើងវិញ ខណៈវិស័យមួយនេះជាកត្តាសំខាន់នៃការបង្កើនកំណើនសេដ្ឋកិច្ចមហាអំណាចទាំង២ ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន BNN បានបង្ហាញថា វិស័យទេសចរណ៍របស់ចិន អាចផ្ដល់ផលប្រយោជន៍ធំសម្រាប់អាមេរិក ដ្បិតតាមរយៈកិច្ចព្រមព្រៀងមួយដែលបានចុះក្នុងខែនេះ អនុញ្ញាតិឲ្យជើងហោះហើររវាងប្រទេសទាំង ២ មានការកើនឡើងទ្វេដង។
ជាមួយគ្នានោះ បើសិនជាវិស័យទេសចរណ៍នៅប្រទេសចិនអាចវិលទៅរកសភាព កាលពីឆ្នាំ២០១៩ នោះវានឹងអាចចាក់លុយ ៣០ពាន់លានដុល្លារបន្ថែមទៀត ទៅក្នុងទំហំសេដ្ឋកិច្ចអាមេរិក និងបង្កើតឱកាសការងារ ៥០ ០០០កន្លែង។
សូមជម្រាបដែរថា អ្នកស្រី Gina Raimondo កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន រយៈពេល ៤ថ្ងៃ ជាមួយគោលបំណងពង្រឹងទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង២ ប៉ុន្តែក្រុមអ្នកវិភាគយល់ឃើញថា វានឹងមិនទទួលបានលទ្ធផលជាដុំកំភួននោះឡើយ៕