នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបង្ហើបឲ្យដឹងថា ការរៀបចំគណៈរដ្ឋមន្ត្រីថ្មី កំពុងដំណើរការ ខណៈថ្ងៃនេះលោកនឹងគ្រោងបញ្ជូនបញ្ជីឈ្មោះនៃគណៈរដ្ឋមន្ត្រីថ្មី ទៅកាន់លេខាធិការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យពីលក្ខណៈសម្បត្តិរបស់ពួកគេ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Thaipbs បានបង្ហាញថា ដើម្បីរៀបចំបញ្ជីឈ្មោះនៃគណៈរដ្ឋមន្ត្រីថ្មី នាយករដ្ឋមន្ត្រីថៃលើកទី៣០ បានជជែកគ្នាជាមួយគណបក្សភឿថៃ និងបក្សចម្រុះ រហូតដល់យប់ជ្រៅ ខណៈដំណឹងពីការត្រួតពិនិត្យរបស់លេខាធិការគណៈរដ្ឋមន្ត្រី នឹងទទួលបាននាពេលឆាប់ៗនេះ។
ជាមួយគ្នានោះ ក្រុមអ្នកសារព័ត៌មានបានចោទសួរទៅកាន់នាយករដ្ឋមន្ត្រីថា តើដំណើរការនៃការបង្កើតគណៈរដ្ឋមន្ត្រីថ្មី អាចនឹងអូសបន្លាយដល់ខែកញ្ញាដែរទេ? លោកបានឆ្លើយថា ប្រហែលជាមិនអាចទៅរួចឡើយ ខណៈលោកអះអាងថា លោកបានត្រៀមប្រកាសពីគោលនយោបាយថ្មី ទៅកាន់សម័ប្រជុំសភា មុនពាក់កណ្ដាលខែកញ្ញា។
សូមជម្រាបដែរថា នាយករដ្ឋមន្ត្រីថៃរូបនេះបានសង្កត់ធ្ងន់ថា ដោយសារបក្សចម្រុះមានសមាជិកច្រើនពេក ដូច្នេះលោកព្យាយាមបំពេញតំណែងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយបញ្ជាក់ថា គ្នាច្រើន ធ្វើការកាន់តែបានល្អ៕