ស្ថាបនិករបស់ក្រុមហ៊ុន Foxconn លោក Terry Gou បានប្រកាសនៅថ្ងៃចន្ទនេះថា លោកនឹងបន្តឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅក្នុងខែមករា ឆ្នាំ ២០២៤ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
លោក Gou ដែលមានវ័យ ៧១ ឆ្នាំ បានលាលែងចាញពីតំណែងជាប្រធានក្រុមហ៊ុន Foxconn នៅក្នុងឆ្នាំ ២០១៩ ហើយបានចូលរួមក្នុងការប្រកួតប្រជែង សម្រាប់តំណែងប្រធានាធិបតី នៅឆ្នាំនោះ។ ប៉ុន្តែលោកបរាជ័យ មិនត្រូវបានតែងតាំងជាបេក្ខភាព សម្រាប់គណបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ Kuomintang KMT ដែលមានទំនោរងាកទៅខាងចិន នោះឡើយ។
កាលពីដើមឆ្នាំ ២០២៣ នេះ លោក Gou បានចូលរួមប្រកួតប្រជែងសារជាថ្មីម្តងទៀត ដើម្បីក្លាយជាបេក្ខជនតំណាងឱ្យគណបក្ស KMT សម្រាប់ការបោះឆ្នោតជាប្រជាប្រធានាធិបតី ប៉ុន្តែនៅចុងបញ្ចប់គណបក្សនេះ បានសម្រេចជ្រើសរើសយកលោក Hou Yu-ih អភិបាលក្រុងតៃប៉ិ ជាបេក្ខភាព ប្រធានាធិបតីរបស់ខ្លួន ជំនួសវិញ។
យ៉ាងណាមិញ លោក Gou បានចំណាយពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីរៀបចំព្រឹត្តិការណ៍ស្រដៀងនឹងយុទ្ធនាការបោះឆ្នោត នៅជុំវិញកោះតៃវ៉ាន់ ដូចជាការប្រមូលផ្តុំគ្នានៅតាមទីក្រុងសំខាន់ៗផ្សេងៗ និងរំលឹកខួបដ៏សំខាន់ ក្នុងគោលបំណង ប្រមូលហត្ថលេខាឱ្យបានចំនួន ២៩០ ០០០ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឈរឈ្មោះជាបេក្ខជន។
ជម្រាបជូនផងដែរថា ប្រធានាធិបតីបច្ចុប្បន្ន គឺលោកស្រី Tsai Ing-wen កំពុងបញ្ចប់អាណត្តិទីពីរ និងចុងក្រោយរបស់លោកស្រី ហើយបានបដិសេធមិនទទួលយកតំណែងនេះទៀតនោះឡើយ ចំពេលរដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនសម្ពាធការទូត និងយោធាមកលើតៃវ៉ាន់ ចាប់តាំងពីលោកស្រីឡើងកាន់តំណែង ក្នុងឆ្នាំ ២០១៦៕