អង្ករវៀតណាម នៅតែមានតម្លៃនាំចេញខ្ពស់ដាច់គេ ក្នុងពិភពលោក

អន្តរជាតិ

តម្លៃអង្ករនាំចេញរបស់វៀតណាម នៅតែខ្ពស់ជាងគេនៅក្នុងពិភពលោក ដោយអង្ករបាក់ ៥%​ ឡើងដល់ ៦៣៤ដុល្លារ ក្នុងមួយតោន និងអង្ករបាក់ ២៥% ឡើងដល់ ៦២៣ដុល្លារ ក្នុងមួយតោន។ នេះបើតាមការឱ្យដឹងពីសមាគមស្បៀងអាហាររបស់ប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ​ អង្ករបាក់ ៥% របស់ប្រទេសថៃ បានលក់នៅក្នុងតម្លៃ ៦២៨% ក្នុងមួយតោន ខណ:ពេលដែលតម្លៃអង្ករបាក់ ៥% របស់ប្រទេសប៉ាគីស្ថាន ត្រូវបានលក់ចេញនៅក្នុងតម្លៃ ៥៩៨ដុល្លារ ក្នុងមួយតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

កាលពីខែកក្កដា សន្ទស្សន៍តម្លៃអង្កររបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ១២ ឆ្នាំចុងក្រោយ ខណ:នេះត្រូវបានកើតឡើងដោយសារតែ ការកើនឡើងនៃតម្លៃ នៅក្នុងប្រទេសនាំចេញអង្ករសំខាន់ៗ បន្ទាប់ពីឥណ្ឌា បានដាក់ចេញនូវការហាមប្រាមការនាំចេញរបស់ខ្លួន។

ថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានធ្វើការប្រកាសបញ្ជីឈ្មោះអាជីវកម្មថ្មីៗចំនួន ២១០ បន្ថែមទៀត ដែលមានសិទ្ធិក្នុងការនាំចេញអង្ករទៅក្រៅប្រទេស ។

យោងតាមក្រសួងខាងលើបានឱ្យដឹងទៀតថា ក្នុងរយ:ពេល ៧ ខែដំបូងឆ្នាំនេះ វៀតណាម បាននាំចេញអង្ករចំនួន ៤,៨៣ លានតោន រួចមកហើយ ខណ:ប្រទេសនេះ គ្រោងនឹងនាំចេញប្រហែល ២,៦៧ លានតោនបន្ថែមទៀត ក្នុងរយ:ពេលដែលនៅសេសសល់នៃឆ្នាំនេះ ៕