យោងតាមរបាយការណ៍បញ្ចេញដោយសេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាម នាខែក្រោយនេះ ប៉ុន្តែលោកនឹងមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលរៀបចំធ្វើឡើងនាដើមខែក្រោយ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីនោះឡើយ។

មេដឹកនាំសហរដ្ឋអាមេរិក នឹងជួបជាមួយអគ្គលេខាបក្សកុម្មុយនិស្ត Nguyen Phu Trong និងមន្ត្រីជាន់ខ្ពស់វៀតណាមច្រើនរូបទៀត នៅទីក្រុងហាណូយ នាថ្ងៃទី១០ ខែកញ្ញា ដោយគ្រោងជជែកគ្នាពីកិច្ចសហប្រតិបត្តិការ លើវិស័យបច្ចេកវិទ្យា សេដ្ឋកិច្ច ស្ថិរភាពក្នុងតំបន់ និងកត្តាបម្រែបម្រួលអាកាសធាតុជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
គួររំលឹកដែរថា មួយរយៈកាលចុងក្រោយនេះ អាមេរិកហាក់កំពុងងាកទៅគាំទ្រវៀតណាមជាខ្លាំង ដោយបានចាត់ទុកពួកគេជាដៃគូសំខាន់បំផុតមួយក្នុងតំបន់ ស្របពេលទំនាក់ទំនងរវាងអាមេរិក និងចិនក៏កំពុងប្រេះស្រាំ ខណៈវៀតណាមត្រូវតែហ៊ានទទួលយកសម្ពាធពីចិន ដែលជាប្រទេសជិតខាង ក្នុងករណីពួកគេកាន់តែបង្កើនភាពល្អូកល្អើនជាមួយលោកខាងលិច។

សូមជម្រាបដែរថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលមានឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះនាខែក្រោយ អាមេរិកនឹងបញ្ជូនអនុប្រធានាធិបតី លោកស្រី Kamala Harris ទៅចូលរួមជំនួសលោក ចូ បៃដិនវិញ៕