ក្រុមហ៊ុនចិន BYD Co Ltd បានប្រកាសកាលពីថ្ងៃចន្ទថា ប្រាក់ចំណេញឆមាសទីមួយ នៃឆ្នាំ២០២៣នេះ បានកើនឡើងរហូតដល់ ២០៤,៧% ស្របពេលការលក់រថយន្តរបស់ខ្លួន ក៏ឈានដល់ចំណុចកំពូលថ្មីថែមទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រាក់ចំណេញដែល BYD ទទួលបានគិតត្រឹមចុងខែមិថុនា មានរហូតដល់ ១០,៩៥ពាន់លានយ៉ន់ ឬប្រមាណ ១,៥ពាន់លានដុល្លារ កើនឡើងពី ៣,៦ពាន់លានយ៉ន់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ជាមួយគ្នានោះ BYD ក៏កំពុងបោះជំហានលើទីផ្សាររថយន្តអន្តរជាតិផងដែរ ដោយបង្កើត Showroom នៅប្រទេសសិង្ហបុរី និងអូស្ត្រាលី ខណៈការលក់រថយន្តនាឆមាសទីមួយវិញ គឺមានរហូតដល់ ៦១២ ៤២៥គ្រឿងឯណោះ។
សូមជម្រាបដែរថា ក្រុមហ៊ុន BYD នៅតែគ្រងម្កុដ ជាក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតប្រចាំប្រទេសចិន និងជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេបំផុតមួយនៅលើពិភពលោក ដែលមានដៃគូប្រជែងជាក្រុមហ៊ុន Tesla ថែមទៀត៕