ប្រធានគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣០ ខែសីហា ដើម្បីជួបជាមួយថ្នាក់ដឹកនាំកំពូលៗ មុនបន្តដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី និងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជាមួយគ្នានោះ អ្នកនាំពាក្យ IMF បានបញ្ជាក់ច្បាស់ៗថា៖ អំឡុងពេលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ប្រធានគ្រប់គ្រងនឹងបំពេញទស្សនកិច្ចទៅចិន ដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគី ជាមួយក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន។
បន្ទាប់ពីបញ្ចប់ភារកិច្ចនៅចិន លោកស្រី Georgieva នឹងបន្តដំណើរទៅកាន់ទីក្រុងហ្សាកាតា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកញ្ញា មុនបន្តដំណើរចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលី ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញាខាងមុខ៕