យោងតាមប្រធានសភាថៃ លោក Wan Muhamad Noor Matha បានបង្ហាញឱ្យដឹងថា គណបក្សឆ្ពោះទៅមុខ (MFP) ត្រូវតែធ្វើឱ្យប្រាកដជាផ្លូវការថា មេដឹកនាំរបស់ខ្លួន គឺលោក ភីថា លីមចារើនរ៉ាត់ បោះបង់សិទ្ធិក្នុងការឡើងធ្វើជាមេដឹកនាំគណបក្សប្រឆាំងជាមុនសិន ទើបអាចកាន់តំណែងក្នុងសភាបាន។
ការលើកឡើងបែបនេះរបស់លោក Wan កើតឡើង ចំពេលលោក ភីថា និងគណបក្សរបស់លោក ហាក់មិនចង់បានតំណែងជាមេដឹកនាំបក្សប្រឆាំងរដ្ឋាភិបាលនោះឡើយ ហើយចង់បន្តរក្សាសមាជិកសភារបស់ខ្លួន គឺលោក Padipat Suntiphada ឱ្យធ្វើជាអនុប្រធានសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ជាមួយគ្នានោះ ប្រធានសភាថៃបានសង្កត់ធ្ងន់ថា គណបក្សមួយមិនអាចកាន់តំណែងជាអនុប្រធានសភា និងមេដឹកនាំគណបក្សប្រឆាំង បាននៅក្នុងពេលដំណាលគ្នានោះឡើយ។
លោក Wan បានអះអាងទៀតថា គណបក្សឆ្ពោះទៅមុខ កំពុងពិចារណារក្សាតំណែងសមាជិករបស់ខ្លួននៅក្នុងសភា ដូច្នេះហើយ ពួកគេចាំបាច់ត្រូវជូនដំណឹងជាផ្លូវការ អំពីការសម្រេចចិត្ត ក្នុងការបោះបង់ចោលឱកាស ធ្វើជាមេដឹកនាំគណបក្សប្រឆាំង ។
យ៉ាងណាមិញ ប្រសិនបើគណបក្សឆ្ពោះទៅមុខយល់ព្រមបោះបង់ឱកាស នោះសិទ្ធិក្នុងធ្វើជាមេដឹកនាំបក្សប្រឆាំង អាចត្រូវប្រគល់ទៅឱ្យគណបក្សប្រឆាំងធំបំផុតទីពីរ គឺគណបក្សប្រជាធិបតេយ្យជំនួសវិញ។
ក្នុងករណី គណបក្សប្រជាធិបតេយ្យនៅតែបរាជ័យ នោះសិទ្ធិដឹកនាំគណបក្សប្រឆាំង នឹងត្រូវបានផ្តល់ជូនដល់គណបក្សតូចៗ រួមទាំងគណបក្សដែលមានសមាជិកសភាតែមួយ ដូចជាគណបក្សយុត្តិធម៌ជាដើម។
សូមជម្រាបដែរថា ប្រធានសភាបានបញ្ជាក់ច្បាស់ៗថា វានឹងមិនត្រូវបានកំណត់ពេលវេលាជាក់លាក់ណាមួយ នៅពេលដែលមេបក្សប្រឆាំងត្រូវឡើងកាន់តំណែងនោះទេ៕