ប្រទេសចិន នឹងពង្រីកគោលនយោបាយអនុគ្រោះពន្ធសម្រាប់ជនបរទេស ដែលកំពុងធ្វើការនៅក្នុងប្រទេស រហូតដល់ចុងឆ្នាំ២០២៧ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនបរទេស ដែលតស៊ូនៅចិនអំឡុងពេលមានវិបត្តិកូវីដ ១៩។
ជាមួយគ្នានោះ សភាពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មបរទេសក្នុងប្រទេសចិន បាននឹងកំពុងស្វែងរកការបំភ្លឺជាបន្ទាន់ថា តើរដ្ឋាភិបាលនឹងបន្តគោលនយោបាយ ដែលអាចឱ្យជនបរទេសទទួលបានអត្ថប្រយោជន៍ ពីការកាត់ពន្ធលើការជួលផ្ទះ ការអប់រំកុមារ ការបណ្តុះបណ្តាលភាសា និងការចំណាយផ្សេងៗទៀតដែរឬយ៉ាងណា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
គួររំលឹកដែរថា ដោយសារកំណើនសេដ្ឋកិច្ចចិនមានយឺត អាជ្ញាធរចិនមានភាពលំបាកក្នុងការអូសទាញការវិនិយោគពីបរទេស និងក្រុមហ៊ុនអន្តរជាតិធំៗ។
ដូច្នេះហើយ ទើបមួយរយៈចុងក្រោយនេះរដ្ឋាភិបាលចិន បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីអូសទាញវិនិយោគិនបរទេសឡើងវិញ ដូចជាបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុនបរទេស និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗទៀត៕