មន្ត្រីរបស់សហរដ្ឋអាមេរិក និងចិន បានបើកកិច្ចចរចាជាថ្មីលើបញ្ហាពាណិជ្ជកម្មដ៏ចម្រូងចម្រាសរវាងប្រទេសទាំងពីរ នៅថ្ងៃអង្គារនេះ ដែលត្រូវជាថ្ងៃទីបីនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
ដំណើរទស្សនកិច្ចរបស់លោកស្រី Raimondo ទៅកាន់ប្រទេសចិននេះ គឺជាដំណើរទស្សនកិច្ចចុងក្រោយបំផុតមួយ របស់មន្ត្រីជាន់ខ្ពស់អាមេរិក ក្នុងរយ:ប៉ុន្មានខែថ្មីៗនេះ ចំពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមលុបបំបាត់ភាពតានតឹង ជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតពីររបស់ពិភពលោក។
នៅថ្ងៃអង្គារនេះ លោកស្រី Raimondo បានជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នៅក្នុងទីក្រុងប៉េកាំង ដោយនៅក្នុងជំនួបនោះ លោកស្រីបានសង្កត់ធ្ងន់ពីទស្សន:របស់ខ្លួនថា ភាពរកាំរកូសក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន គឺជាផលវិបាកដ៏ធំបំផុតមួយ សម្រាប់ពិភពលោក។
លោកស្រី Raimondo បាននិយាយទៀតថា ៖ “ ការគ្រប់គ្រងទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយទំនួលខុសត្រូវ គឺពិតជាមានសារ:សំខាន់ខ្លាំងណាស់ សម្រាប់ប្រជាជាតិយើងទាំងពីរ និងជាពិសេសសម្រាប់ពិភពលោកទាំងមូល ” ។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រីចិន លោក He បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងមានឆន្ទ:ធ្វើការលើកិច្ចខិតខំប្រឹងប្រែងវិជ្ជមាន ដើម្បីរក្សាការឯកភាពសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ។
ជម្រាបជូនផងដែរ អំឡុងពេលមកដល់ប្រទេសចិនដំបូង លោកស្រី Raimondo ក៏បានជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao ផងដែរ ដោយភាគីទាំងពីរបានយល់ព្រមបង្កើតក្រុមការងារមួយ ដើម្បីលុបបំបាត់ភាពល្អក់កករ នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕