គោលនយោបាយរបស់នាយករដ្ឋមន្ត្រីថៃថ្មី លោក Srettha Thavisin អាចនឹងឲ្យកសិករពន្យារពេលសងបំណុល ៣ឆ្នាំ ដើម្បីបង្កើនចំណូលបន្ថែម ក៏ដូចជាបង្កើនកំណើនសេដ្ឋកិច្ចជាតិផងដែរ។

យោងតាមការចុះផ្សយពីសារព័ត៌មាន TheNation បានបង្ហាញថា គំនិតផ្ដួចផ្ដើមលើកកំពស់វិស័យកសិកម្មរបស់លោក Srettha គឺធ្វើតាមរយៈការពន្យារពេលសងបំណុលនេះ ហើយកសិករអាចនឹងបង្កើនចំណូលជាមធ្យម ៣០ ០០០បាតក្នុងដីមួយរ៉ៃ រហូតដល់ឆ្នាំ២០២៧ ខណៈបច្ចុប្បន្នប្រជាកសិករអាចទទួលបានចំណូលត្រឹម ១០ ០០០បាតប៉ុណ្ណោះ ពីការធ្វើកសិកម្មលើផ្ទៃដីមួយរ៉ៃ។

ជាមួយគ្នានោះ លោក Danucha Pichayanan អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានជួបសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រី ដើម្បីរាយការណ៍ពីស្ថានភាពបច្ចុប្បន្នក្នុងប្រទេស កាលពីថ្ងៃទី២៨ ខែសីហានេះ។
របាយការណ៍នោះបាននិយាយអំពីស្ថានភាពសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសថៃ ទាំងបច្ចុប្បន្ន និងនិន្នាការនាពេលអនាគត ខណៈកាលពីត្រីមាសទី២ នៃឆ្នាំនេះ សេដ្ឋកិច្ចថៃបានកើនឡើងត្រឹមតែ ១,៨%ប៉ុណ្ណោះ ដែលធ្លាក់ចុះពីកំណើន ២,៦% នៅក្នុងត្រីមាសទីមួយ ស្របពេលឆមាសទីមួយនៃឆ្នាំនេះ សេដ្ឋកិច្ចថៃបានកើនឡើង ២,២%។
ទាក់ទងទៅនឹងទស្សនវិស័យសេដ្ឋកិច្ចថៃ សម្រាប់រយៈពេលនៅសល់នៃឆ្នាំនេះ NESDC បានរាយការណ៍ថា សេដ្ឋកិច្ចអាចនឹងកើនឡើងពី ២,៥ ដល់ ៣% គាំទ្រដោយកត្តាសំខាន់ៗដូចជា កំណើននៃការប្រើប្រាស់ឯកជន ការស្ទុះងើបឡើងវិញជាបន្តបន្ទាប់នៅក្នុងវិស័យទេសចរណ៍ និងការពង្រីកជាបន្តបន្ទាប់ នៃការវិនិយោគពីវិស័យឯកជន និងសាធារណៈ៕