កាលពីថ្ងៃអង្គារកន្លងទៅ រដ្ឋមន្ត្រីទេសចរណ៍បារាំង លោក Olivia Gregoire បាននិយាយថា ប្រទេសបារាំងរំពឹងថាខ្លួន នឹងទាញបានប្រាក់ចំណូលពីភ្ញៀវទេសចរបរទេសរហូតដល់ទៅ ៦៧ពាន់លានអឺរ៉ូ (៧២,៤២ពាន់លានដុល្លារ) នៅឆ្នាំ ២០២៣នេះ ខណៈកាលពីឆ្នាំមុន ខ្លួនបានកើបប្រាក់ចំណូលបានប្រមាណ ៥៨ពាន់លានអឺរ៉ូ។
លោក Gregoire ក៏បាននិយាយថា ដោយផ្អែកតាមការប៉ាន់ប្រមាណក្នុងពេលបច្ចុបន្ននេះ តួរលេខចុងក្រោយនៃប្រាក់ចំណូលដែលទាញបានពីសំណាក់ភ្ញៀវទេសចរបរទេសក្នុងឆ្នាំ ២០២៣ គួរតែកើបប្រាក់បានចន្លោះពី ៦៤ ទៅ ៦៧ពាន់លានអឺរ៉ូ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។
ការដាក់ក្តីសង្ឃឹមបែបនេះ គឺដោយសារតែវិស័យទេសចរណ៍ពិភពលោក បានស្ទុះងើបឡើងវិញក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារបណ្តាលប្រទេសនានា បានបន្ធូរបន្ថយលើការបិទខ្ទប់ប្រទេស ក្រោមហេតុផលទប់ស្កាត់នៃជំងឺរាតត្បាតកូវីដ-១៩ ដែលធ្លាប់បានរីករាលដាលធ្ងន់ធ្ងរកាលពីពេលកន្លងទៅ។
សូមជម្រាបផងថា ប្រទេសបារាំងគឺជាប្រទេសដែលមានអ្នកទេសចរចូលទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោក ដោយក្នុងនោះវិស័យទេសចរណ៍បានរួមចំណែកប្រហែល ៨%នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសខ្លួន៕