មេដឹកនាំគណបក្សភឿថៃ ប្រកាសដើរចេញពីតំណែង ក្រោយធ្វើខុសសន្យា

អន្តរជាតិ

សមាជិកសភារបស់គណបក្សភឿថៃ លោក Adisorn Piengkes បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X នៅថ្ងៃពុធនេះថា មេដឹកនាំគណបក្ស គឺលោក Cholnan Srikaew នឹងលាលែងចេញពីតំណែងនៅថ្ងៃនេះ ស្របពេលគណបក្ស នឹងធ្វើការតែងតាំងគណ:កម្មាធិការគ្រប់គ្រងថ្មី នៅក្នុងរយ:ពេល ៦០ ថ្ងៃទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Adisorn បាននិយាយទៀតថា មុនពេលចាកចេញពីតំណែងនេះ លោក Chlonan បានបំពេញតាមបំណងប្រាថ្នារបស់គណបក្សភឿថៃរួចរាល់ហើយ អំឡុងយុទ្ធនាការបោះឆ្នោតនាពេលកន្លងមក ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ខណ:ពេលដែលបេក្ខជនគណបក្ស គឺលោក Srettha Thavisin ក៏បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣០ របស់ថៃ ផងដែរ។

ចំពោះហេតុផលនៃការដើរចេញពីតំណែងនេះ ត្រូវបានគេប៉ាន់ស្មានថា លោក Chlonan ហាក់បានធ្វើខុសសន្យា ដោយកន្លងមកលោកធ្លាប់បានប្រកាសថាគណបក្សភឿថៃ នឹងមិនចូលដៃចូលជើងជាមួយក្រុមយោធា ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះឡើយ ។

ប៉ុន្តែនៅចុងបញ្ចប់ គណបក្សភឿថៃ បានបង្កើតក្រុមចម្រុះថ្មី មានគណបក្សចំនួន ១០ ចូលរួម ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ហើយក្នុងនោះក៏រួមមានគណបក្ស Bhumjaithai និង Palang Pracharath ដែលសុទ្ធសឹងតែស្ថិតនៅក្នុងជួរដ្ឋាភិបាលរបស់របបយោធាកាន់អំណាចពីមុនមក ផងដែរ។

លោក Adisorn បានបន្ថែមទៀតថា ភារកិច្ច​របស់​គណៈកម្មាធិការ​គ្រប់​គ្រង​បច្ចុប្បន្ន​របស់​បក្សភឿថៃ​ នឹង​ត្រូវបញ្ចប់​ព្រម​ជាមួយ​នឹង​ការ​លាលែង​ពី​តំណែង​របស់​លោក Chlonan ហើយ​គណបក្ស​នឹង​តែងតាំង​គណៈកម្មាធិកា​រថ្មី នាពេលខាងមុខ។

សូមជម្រាបដែរថា កាលពីថ្ងៃទី២១ ខែសីហា លោក Cholnan ធ្លាប់បានសន្យាថា នឹងលាលែងចេញពីតំណែងជាប្រធានបក្សភឿថៃ ក្រោយគណបក្សកាន់អំណាច បញ្ជូនឈ្មោះសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ទៅកាន់លេខាធិការដ្ឋាននៃគណៈរដ្ឋមន្ត្រី ដែលទើបសម្រេចបានកាលពីថ្ងៃទី២៨ ខែសីហានេះ៕