ជប៉ុន គ្រោងបន្តឧបត្ថម្ភធនប្រេងឥន្ធន:ដល់ចុងឆ្នាំ ដើម្បីកាត់បន្ថយការកើនឡើងតម្លៃខ្ពស់

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសជប៉ុន កំពុងពិចារណាបន្តផ្តល់ការឧបត្ថម្ភធនលើប្រេងឥន្ធនៈ រហូតដល់ចុងឆ្នាំនេះ ដើម្បីរក្សាតម្លៃឱ្យស្ថិតនៅកម្រិតទាប និងទប់ស្កាត់ផលប៉ះពាល់ទៅលើប្រជាជន និងអាជីវកម្ម ក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដែលបានដឹងអំពីបញ្ហានេះ បាននិយាយថាព័ត៌មានលម្អិនៃសំណើនេះ កំពុងត្រូវបានពិភាក្សាដោយមន្ត្រី​ មកពីគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច និងគណបក្សសម្ព័ន្ធមិត្ត Komeito ។

លោក Toshimitsu Motegi អគ្គលេខាធិការនៃគណបក្ស LDP បាននិយាយថា គណបក្សរបស់លោក នឹងធ្វើសេចក្តីព្រាង​វិធានការណ៍​ ក្នុងគោលបំណងទប់ស្កាត់តម្លៃសាំងឡើងខ្ពស់ ស្របពេលលោកបានបន្ថែមទៀតថា វិធានការផ្សេងទៀត ដូចជាការគ្របដណ្តប់លើវិក័យប័ត្រប្រើប្រាស់ និងការដំឡើងប្រាក់ឈ្នួល ក៏នឹងត្រូវយកពិភាក្សា នៅក្នុងខែកញ្ញាខាងមុខនេះ ផងដែរ។

តារាងតម្លៃនៅស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងទីក្រុងតូក្យូ បានបង្ហាញថាប្រេងសាំងធម្មតាមានតម្លៃ ១៨៦យ៉េន ក្នុងមួយលីត្រ គិតនៅត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ពោលគឺបានកើន ១,៩០ យ៉េន ធៀបទៅនឹងតម្លៃកាលពីមួយសប្តាហ៍មុន ខណ:នេះក៏ជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ចាប់តាំងពីទិន្នន័យត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៩០ មក។

ជម្រាបជូនផងដែរថា ចំពោះកត្តាដែលធ្វើឱ្យតម្លៃប្រេងឥន្ធន: មានការកើនឡើងខ្ពស់បែបនេះ គឺដោយសារតែប្រាក់យ៉េនចុះខ្សោយ និងតម្លៃសកលកើនឡើង រួមទាំងការកាត់បន្ថយទិន្នផលប្រេងនាពេលថ្មីៗនេះ ពីសំណាក់ប្រទេសផលិតប្រេងធំៗ ដូចជាអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ជាដើម៕