កាលពីថ្ងៃទី៣០ ខែសីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានជួបប្រជុំជាមួយអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Minh Vu និងបានសរសើរពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង២ ដែលមានរាប់ទសវត្សមកហើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា រុស្ស៊ី និងវៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ល្អ ដោយរក្សាបាននូវភាពជឿជាក់ រួសរាយ និងប្រៀបដូចជាបងប្អូន ចេះជួយយកអាសារគ្នា ហើយថែមទាំងមានចំណងសម្ព័ន្ធមិត្តរាប់ទសវត្សថែមទៀត។
បន្ថែមពីនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា៖ ពួកយើងពិតជាមានការត្រេកអរ ចំពោះសកម្មភាពរបស់ប្រជាជនវៀតណាម ចំពោះរុស្ស៊ី និងសហភាពសូវៀត ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែង ការពារឯករាជភាព និងបូរណភាពទឹកដីប្រទេសកំណើតរៀងខ្លួន។
លោក Lavrov បានបញ្ជាក់ទៀតថា សាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក ជំនួយ និងការគាំទ្រនេះ ពិតជាមានប្រយោជន៍ក្នុងស្ថានភាពជាច្រើននៅទូទាំងប្រវត្តិសាស្ត្រ នៅពេលណាដែលពិភពលោកបានរកឃើញខ្លួនឯងនៅចំនុចប្រសព្វដ៏លំបាក៕