ផ្សារទំនើប Big C ពន្យារពេលលក់ភាគហ៊ុនសាធារណៈ តម្លៃ ១ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនផ្សារទំនើប Big C Retail Corporation របស់មហាសេដ្ឋីថៃ Charoen Sirivadhanabhakdi បានសម្រេចចិត្តផ្អាកគម្រោង ដាក់លក់ភាគហ៊ុនជាសាធារណៈ (IPO) ដែលធ្លាប់ត្រូវគេព្យាករណ៍​ថា អាចប្រមូលលុយបានរហូតដល់ ១ពាន់លានដុល្លារ នាត្រីមាសទី៤ នៃឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា មូលហេតុដែលធ្វើឲ្យ Big C សម្រេចចិត្តផ្អាកផែនការមួយនេះ ដោយសារពួកគេបានមើលឃើញស្ថានភាពទីផ្សារ​បច្ចុប្បន្ន នៅមិនទាន់មានស្ថិរភាពនៅឡើយ។

មួយវិញទៀត ក្រុមហ៊ុនមេ Berli Jucker ក៏បានបង្ហាញដែរថា Big C មានគម្រោងលក់ភាគហ៊ុនទាំង​នៅក្នុងស្រុក និងលើទីផ្សារអន្តរជាតិ ប៉ុន្តែដោយសារ​សេដ្ឋកិច្ចសកលកំពុងមានស្ថានភាពមិនសូវស្រួល ទើបគម្រោងការណ៍មួយនេះ​ត្រូវពន្យារពេលបណ្ដោះអាសន្នសិន។

គួររំលឹកដែរថា ក្រៅពីក្រុមហ៊ុន Big C ក៏នៅមានក្រុមហ៊ុនខ្នាតយក្សប្រចាំប្រទេសដូចជា ក្រុមហ៊ុនឧស្សាហកម្មធំបំផុតនៅថៃ Siam Cement ក៏ផ្អាកផែនការលក់ភាគហ៊ុនសាធារណៈ​ក្នុងស្រុក របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ SCG Chemicals ក្រោមហេតុផលស្ថានភាពទីផ្សារមិនមាន​ស្ថិរភាពដូចគ្នា៕