ប្រធានាធិបតីចិន អាចនឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទំនងជាមិនទៅចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងត្រូវរៀបចំធ្វើឡើង នៅក្នុងប្រទេសឥណ្ឌា នាសប្តាហ៍ក្រោយនេះនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ត្រីឥណ្ឌា២រូប រួមជាមួយអ្នកការទូតចិនម្នាក់មានមូលដ្ឋាននៅក្នុងប្រទេសចិន និងមន្ត្រីធ្វើការឱ្យរដ្ឋាភិបាលនៃក្រុមប្រទេស G20 ផ្សេងទៀត បាននិយាយថា នាយករដ្ឋមន្ត្រីចិន លោក Li Qiang ត្រូវបានរំពឹងថានឹងតំណាងឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ជំនួសវិញ ដែលនឹងត្រូវឡើង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា នៅទីក្រុងញូវដេលី ។

ចំពោះកិច្ចប្រជុំកំពូល នៅក្នុងប្រទេសឥណ្ឌានេះ ត្រូវបានគេរំពឹងទុកថា ជាកន្លែងមួយ ដែលមេដឹកនាំរបស់ចិន និងមេដឹកនាំអាមេរិក អាចជួបគ្នា ចំពេលដែលប្រទេសមហាអំណាចទាំងពីរ កំពុងព្យាយាមស្វែងរកស្ថេរភាពទំនាក់ទំនង ដែលកើតឡើងដោយសារតែភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្រ្តនយោបាយ ។

បើតាមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ របស់ប្រទេសម្ចាស់ផ្ទះឥណ្ឌា បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា ខ្លួនបានដឹងច្បាស់រួចហើយថានាយករដ្ឋមន្ត្រីចិន នឹងមកចូលរួមកិច្ចប្រជុំកំពូលនេះ ជំនួសលោក ស៊ី ហើយមិនមានប្រភពណាមួយ បានបញ្ជាក់ពីហេតុផល ចំពោះការអវត្តមានរបស់មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចធំទីពីរបស់ពិភពលោកនេះ នោះឡើយ។

ជម្រាបជូនផងដែរថា មុនដល់កិច្ចប្រជុំ G20 នេះ គេសង្កេតឃើញលោក ស៊ី ជិនពីង បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូល BRICS នៃបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនសំខាន់ៗ ដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលត្រូវបានរៀបចំធ្វើឡើង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលពីសប្តាហ៍មុន៕