អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បាននិយាយកាលពីថ្ងៃទី៣១ ខែសីហានេះថា លោកបានផ្ញើសំណើមួយចំនួនទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ក្នុងគោលបំណងបញ្ចុះបញ្ចូលរុស្ស៊ី ឲ្យបន្តកិច្ចព្រមព្រៀងសមុទ្រខ្មៅឡើងវិញ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា អ្នកការទូតរុស្ស៊ីម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ក្នុងសំណើរដែលប្រធាន UN បានផ្ញើរទៅកាន់លោក Lavrov មិនមានលក្ខខណ្ឌពិសេសអីទេ គ្រាន់តែជាការបង្ហាញឡើងវិញនូវគោលជំហររបស់ពួកគេ ដែលមិនទទួលបានការអនុញ្ញាតិកាលពីពេលកន្លងប៉ុណ្ណោះ។
គួររំលឹកដែរថា រុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅកាលពីខែមុន បន្ទាប់ពីពួកគេអះអាងថា ការនាំចេញស្បៀងអាហារ និងជីរបស់ខ្លួន ជួបឧបសគ្គ ខុសពីការនាំចេញរបស់អ៊ុយក្រែន។
ជាមួយគ្នានោះ រដ្ឋាភិបាលរុស្ស៊ីក៏បានបញ្ជាក់ដែរថា បើសិនជាការទាមទារឲ្យមានការពង្រឹងលើការនាំចេញរបស់ខ្លួន ត្រូវបានអនុញ្ញាតិ នោះពួកគេនឹងគិតគូរឡើងវិញពីការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ជាមួយអ៊ុយក្រែន៕