កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលមានឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមនាពេលឆាប់ៗ ខណៈកិច្ចប្រជុំមួយនេះ ក៏កំពុងប្រឈមនឹងបញ្ហាចាក់ស្រែះជាច្រើន ដែលរកដំណោះស្រាយមិនទាន់ឃើញដូចជា សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា ជម្លោះនៅដែនសមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ABC។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការប្រទេសអាស៊ាន បានជួបប្រជុំគ្នានាថ្ងៃចន្ទនេះ ដើម្បីបញ្ចប់របៀបវារៈសម្រាប់ថ្នាក់ដឹកនាំ ខណៈរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi ទទួលស្គាល់ថា បច្ចុប្បន្នស្ថានការណ៍នៅក្នុងតំបន់ កំពុងមានភាពយ៉ាប់យ៉ឺនច្រើន ហើយសង្ឃឹមថាកិច្ចប្រជុំនេះ នឹងអាចរកដំណោះស្រាយបានខ្លះ ជាពិសេសគឺសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា។
ជម្រាបដែរថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែកញ្ញា ហើយពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ មេដឹកនាំអាស៊ាននីមួយៗ នឹងបើកកិច្ចពិភាក្សាទ្វេភាគីជាមួយសមាជិកដទៃ ក៏ដូចជាជាមួយថ្នាក់ដឹកនាំបរទេសផ្សេងៗផងដែរ។
រំលឹកបន្ថែមថា ស្ថានភាពសង្គ្រាមនៅមីយ៉ាន់ម៉ា ហាក់មិនមានភាពស្រាកស្រាន្តសោះរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈទំនាស់សមុទ្រចិនខាងត្បូងកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីចិនបញ្ចេញផែនទីថ្មី ដែលឥណ្ឌា ម៉ាឡេស៊ី និងហ្វីលីពីន សុទ្ធតែមានប្រតិកម្មខ្លាំង និងអះអាងថាចិនបានកាន់យកតំបន់សមុទ្រចិនខាងត្បូង ស្របពេលទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន ក៏បង្ហាញក្ដីបារម្ភថែមទៀត៕